Social Network

ផ្អើលទាំងយប់! តារាថៃ Tangmo Nida ធ្លាក់ចូលទឹកទន្លេ មកទល់ពេលនេះរកមិនទាន់ឃើញទេ

មានរឿងភ្ញាក់ផ្អើលមួយផ្ទុះឡើងទាំងយប់ ក្រោយទទួលដំណឹងថាតារាសម្ដែងថៃ Tangmo Nida ត្រូវធ្លាក់ចូលទឹកទន្លេចៅប្រាយ៉ា ពេលជិះទូលេងជាមួយនឹងមិត្តភ័ក្តិ។

អ្វីដែលគួរបារម្ភមកទល់ពេលនេះ មិនទាន់មានអ្នករកឃើញនាងនៅឡើយទេ។ សារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាតពីការបាត់ខ្លួនរបស់តារាស្រីរូបនេះ ហើយវាពិតជាធ្វើឲ្យគ្រប់គ្នា ពិសេសសាច់ញាតិគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រមានការបារម្ភជាខ្លាំង ព្រោះតាមព័ត៌មានគឺនាងបានធ្លាក់ចូលទឹកតាំងពីម៉ោង ៨យប់ ប៉ុន្តែទើបផ្អើលឈូឆរនៅម៉ោងជាង ១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយឡែក បើតាមទំព័រហ្វេសប៊ុកសារព័ត៌មានថៃ រឿងរ៉ាវព្រឹកនេះ របស់ថៃបានបញ្ជាក់ថា ក្រុមអ្នកមុជទឹកបានផ្អាកការរក Tangmo សិន ដោយសារទូកអ្នកដំណើរចាប់ផ្ដើមចេញធ្វើដំណើរហើយព្រឹកនេះ។ ចរាចរណ៍លើទឹកអាចនឹងផ្ដល់ការពិបាកក្នុងការរុករក ដូច្នេះក្រុមការងារសម្រេចប្រមូលគ្នាបើកការប្រជុំគ្នាសិន មុនបន្តដំណើរស្វែងរកនាងនៅពេលថ្ងៃ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងថៃវ័យ ៣៤ឆ្នាំ រូបនេះ បានទៅជិះទូកដើរលេងជាមួយនឹងមិត្តភ័ក្តិកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែស្រាប់តែផ្ទុះព័ត៌មានភ្លាមនៅម៉ោងជាង ១១ យប់ ថានាងធ្លាក់ចូលទឹក។

ក្រោយមកបើផ្អែកតាមសម្ដី បងប្រុសរបស់នាង បាននិយាយប្អូនរបស់ខ្លួនធ្លាក់ទឹកតាំងពីម៉ោងជាង ៨យប់ ប៉ុន្តែតើមិត្តភ័ក្តិរបស់នាងបាត់ទៅណា ពេលប្អូនលោកលង់ទឹកភ្លាមៗ? ព្រោះបាត់ទាំងកប៉ាល់ និងមនុស្ស។ អ្វីដែលលោកចង់ដឹងគឺ តើមានរឿងអ្វីកើតឡើងចំពោះ Tangmo Nida ឲ្យប្រាកដ?

ដកស្រង់ពី៖Sabay