Social Network

ប្រជែងទិញសំបុត្រចូលមើល BTS មិនទាន់ អ្នកគាំទ្រចិត្តសឿង យកលុយទៅជួយអ៊ុយក្រែន​​ និងអង្គការផ្សេងៗ

ទង្វើល្អរបស់ BTS ក៏បានអង្រួនចិត្តអ្នកគាំទ្រឲ្យមានទំនោរក្នុងការជួយសង្គមតាមដែរ ផ្អែកលើទស្សនៈល្អ និងគិតអ្វីក្នុងផ្លូវវិជ្ជមាន។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ មានសេចក្ដីប្រកាសថា សំបុត្រ (ខ្ទង់ ៣០០ ០០០សំបុត្រ) សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី "Permission to Dance on Stage - Las Vegas" រយៈពេល ៤ថ្ងៃរបស់ BTS ត្រូវបានលក់អស់ខ្ទេចភ្លាមៗ អំឡុងពេលនៃការដាក់លក់មុន (Pre-Sale) របស់ ARMY (BTS Global Official Fanclub Army Membership Presale)។

ដោយឡែកចូលដល់ទឹកដីសេអ៊ូលម្ដង ការទទួលបានសំបុត្រចូលទស្សនាក៏មានការប្រកួតប្រជែងដែរ។ ត្បិតមានលុយទិញ តែក៏មិនប្រាកដថាអាចបានសំបុត្រដោយស្រួលដែរ ព្រោះចំនួនអ្នកបុកចូលទឹកមានច្រើនលើសសំបុត្រដែលដាក់លក់។ ដោយសារតែទិញមិនទាន់ ទើបអ្នកគាំទ្រមួយចំនួនសម្ដែងការខកចិត្ត ប៉ុន្តែពួកគេក៏បានសម្រេចធ្វើអំពើល្អ ដោយយកប្រាក់ដែលសន្សំទុកទិញសំបុត្រនោះទៅ បរិច្ចាគក្នុងសកម្មភាពមនុស្សធម៌។

អ្នកគាំទ្របាន បរិច្ចាគលុយទាំងនោះទៅជួយអង្គការសប្បុរសធម៌ផ្សេងៗ និងប្រទេសអ៊ុយក្រែនដែលកំពុងជួបវិបត្តិសង្គ្រាមផងដែរ។ ARMY ម្នាក់បានសរសេរថា៖ «Hoseok, ខ្ញុំបរាជ័យក្នុងការទិញសំបុត្រហើយ ប៉ុន្តែខ្ញុំសប្បាយចិត្ត ព្រោះថាអ្នកនឹងឃើញ ARMY ជាច្រើនផ្សេងទៀត។ ចាំជួបគ្នា ១០ឆ្នាំក្រោយ! វាពិបាកណាស់ដើម្បីទិញសំបុត្រ! បេះដូងខ្ញុំឈឺ :( ដូច្នេះខ្ញុំក៏បរិច្ចាគលុយដែលត្រូវទិញសំបុត្រនេះ ទៅស្ថានទូតអ៊ុយក្រែនវិញ...សូមមានសន្តិភាព»។ អ្នកគាំទ្រម្នាក់ទៀតសរសេរថា៖ «ទោះខ្ញុំមិនបានសំបុត្រក៏ដោយ ក៏ខ្ញុំមានលុយច្រើនជាងនេះដែរ។

ដូច្នេះខ្ញុំបានបរិច្ចាគទៅជួយក្មេងៗនៅអ៊ុយក្រែន។ ខ្ញុំមានគម្រោងប្រើលុយនេះដើម្បីបង្កើតក្ដីសុខ ដូច្នេះខ្ញុំគិតថាវាត្រឹមត្រូវ ប្រើបានល្អ»។ យ៉ាងណាមិញ នៅមានអ្នកគាំទ្រជាច្រើនទៀត ដែលបរាជ័យក្នុងការទិញសំបុត្រ ប៉ុន្តែពួកគេបានបង្វែរទិសដៅ ដោយយកលុយនោះទីញជួយប្រជាជនកំពុងមានទុក្ខ ហើយច្បាស់ណាស់ បើសិន BTS បានដឹង ពួកគេក៏រីករាយមិនស្ទើរដែរ៕

ដកស្រង់ពី៖Sabay