Social Network

មិនដាច់ចិត្ដលក់ខ្សែកម្ដាយ តែ សុន ស្រីពេជ្រ ត្រូវចូលពេទ្យវះកាត់ជាចាំបាច់

តារាចម្រៀងសំឡេងផ្អែមស្រទន់ សុន ស្រីពេជ្រ បានធ្វើឲ្យអ្នកគាំទ្របារម្ភពីសុខភាពរបស់នាង បន្ទាប់ពីនាងបង្ហាញរូបថតដៃជាប់សេរ៉ូម ហើយដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យកាលពីល្ងាចមិញ។

ទន្ទឹមនឹងការបញ្ចេញរូបថតទាំងនេះ ស្រីពេជ្រ បានបង្ហើបថា រូបនាងមានជំងឺរលាកខ្នែងពោះវៀនដែលត្រូវការវះកាត់ជាចាំបាច់។ ក្នុងចំណោមរូបថតទាំង៣សន្លឹក ដែលបញ្ចេញដោយគណនីហ្វេសប៊ុក សុន ស្រីពេជ្រ ផ្ទាល់គេឃើញមានខ្សែកមាស១ខ្សែទៀតផង ដោយនាងបានបញ្ជាក់តាមរយៈសំណេរខ្លីមួយថា ដោយដឹងដំណឹងថាកូនត្រូវចូលពេទ្យវះកាត់ ក៏ផ្ញើខ្សែកតាមរយៈបងស្រីមកឲ្យនាង ដើម្បីលក់ក្រែងនាងខ្វះខាតលុយកាត់សម្រាប់បង់ថ្លៃពេទ្យ។

សុន ស្រីពេជ្រ៖ “ទឹកចិត្ដម្ដាយ…តែកូនមិនយកទៅលក់ទេ ម៉ែទុកចុះ ព្រោះកូនបានទិញវាជូនម៉ែហើយ…ស្រឡាញ់ម៉ែ អាណិតម៉ែ”។ គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមីនា នេះ Sabay មិនទាន់អាចទាក់ទងអ្នកនាង សុន ស្រីពេជ្រ ដើម្បីធ្វើបច្ចុប្បន្នភាព នៃស្ថានភាពជំងឺរបស់នាងបាននៅឡើយទេ។ ប៉ុន្ដែតាមរយៈសារឆ្លើយឆ្លងតាមបណ្ដាញសង្គមដែលនាងបង្ហោះនោះ រូបនាងបានឆ្លងផុតពីដំណាក់កាលវះកាត់ហើយ ហើយក៏មានមិត្ដរួមអាជីពជាច្រើនបានជូនពរឲ្យអ្នកនាងឆាប់បានជាសះស្បើយយ៉ាងច្រើនទៀតផង៕

ដកស្រង់ពី៖Sabay