Social Network

ឡូយ​ណាស់ ប្រុស​សង្ហា​ខ្ពស់​ស្រឡះ ឡៅ បញ្ញា និង យូ ថនវណ្ណៈ សម្រេច​លទ្ធផល​ធំ​រៀង​ខ្លួន

ប្រុសសង្ហា២រូបដែលមានរាងខ្ពស់ស្រឡះ គឺលោក ឡៅ បញ្ញា បេក្ខភាពតំណាងខេត្តកំពង់ធំ និង យូ ធនវណ្ណៈ តំណាងខេត្តព្រះវិហារ ថ្មីៗនេះ សម្រេចបានសមិទ្ធផលធំៗរៀងខ្លួន គួរឲ្យសរសើរ ក្នុងកម្មវិធី Mister Supranational Cambodia២០២២។

នៅក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងដោយផលិតកម្មមហាហង្សកាលថ្មីៗនេះ លោក ឡៅ បញ្ញាបានគ្រងមកុដ Mister Supranational Cambodia២០២២ ខណៈលោកយូ ថនវណ្ណៈ ជាលំដាប់រងទី១នៃកម្មវិធីប្រកួតខាងលើនិងត្រូវបានក្លាយជាម្ចាស់តំណែង Mister Grand Cambodia ដំបូងគេផងដែរ។ ចំណុចគួរកត់សម្គាល់ ពួកគេទាំងពីររូប បានកន្ទ្រាក់យកការចាប់អារម្មណ៍ តាមរយៈរូបរាងដ៏សង្ហា កម្ពស់ខ្ពស់កម្ររកបានសម្រាប់បុរសកម្ពុជា។

តាមការបញ្ជាក់របស់សាមីខ្លួន ឡៅ បញ្ញា បុរសមានសាច់ដុំធំណែន ខ្ពស់ស្រឡះ ធ្លាប់កាន់តំណែងបុរសឯកលេខ២ អាស៊ាន ឆ្នាំ២០១៩។ បន្ថែមពីលើនេះ ពីអតីតកាលលោកក៏ជាតារាក្បាច់គុនល្បុក្កតោ និងជាតារាសម្តែង និងបង្ហាញម៉ូដម្នាក់ផងដែរ។ បញ្ញា បានលេចមុខលើវិស័យសិល្បៈ ក្រោយពីបញ្ចប់ការងារនៅភូមិវប្បធម៌ខេត្តសៀមរាបជាទឹកដីកំណើត។

ងាកមកលោក យូ ថនវណ្ណៈ មានកំពស់ : 1.87m ហើយមុននឹងឈានដល់ការប្រកួត Mister Supranational Cambodia 2022 លោក ធ្លាប់បានចូលរួមតំណាងឱ្យកម្ពុជាប្រកួតក្នុងកម្មវិធី Asia model festival 2015 នៅឯប្រទេសកូរ៉េ។ បច្ចុប្បន្នលោក យូ ថនវណ្ណៈ គឺជាតារាបង្ហាញម៉ូដអាជីព ដែលមានទីផ្សារខ្លាំង។មិនតែប៉ុណ្ណោះលោកគឺជាអ្នកបម្រើការលើយន្តហោះ «បហុនិការ» ឬ Cabin Crewដែលលោកអាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។

ម្ចាស់ជ័យលាភីភី Mister Supranational Cambodia 2022នឹងទទួលបានឱកាសក្នុងការចេញទៅប្រកួតនៅប្រទេសប៉ូឡូញ ទទួលបានប្រាក់រង្វាន់ ឱកាសការងារសិល្បៈ និងការបណ្តុះបណ្តាលមុនពេលចេញទៅប្រកួតនៅក្រៅប្រទេស ខណៈម្ចាស់ជ័យលាភី Mister Grand Cambodia ២០២២ នឹងក្លាយជាម្ចាស់ជ័យលាភីចេញទៅប្រកួតនៅប្រទេសព័រតូរីកូនៅអំឡុងខែវិច្ឆិកាខាងមុខនេះ។

កម្មវិធី Mister Supranational Cambodia២០២២ ត្រូវបានរៀបចំលើកដំបូងនៅកម្ពុជាដោយក្រុមហ៊ុនមហាហង្ស។ លោក អ៊ិន សុភិន នាយកក្រុមហ៊ុន បានប្រាប់ថា កម្មវិធីលើកដំបូងនេះឆ្លងកាត់ការលំបាកជាច្រើន ពិសេសស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ប៉ុន្តែកម្មវិធីនៅតែបញ្ចប់ដោយទទួលបានការគាំទ្រ និងពេញចិត្តច្រើនពីទស្សនិកជន ។

លោកថានឹងរៀបចំកម្មវិធីឲ្យកាន់តែល្អសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ហើយលោករំពឹងថាកម្មវិធីនេះនឹងអាចលើមុខមាត់កិត្តិយសជាតិលើឆាកអន្តរជាតិជាក់ជាមិនខាន៕

 

ដកស្រង់ពី៖Sabay