Social Network

ពិធីការិនី វីត វីត និងម្ដាយ កំពុងផុងខ្លួននៅអាមេរិក ក្រោយម្ដាយធ្លាក់ខ្លួនឈឺត្រូវសង្គ្រោះភ្លាមៗ

តារាម៉ូដែល និងជាពិធីការិនីសម្បូរវោហារ វីត វីត ទើបតែបញ្ចេញដំណឹងដ៏ក្រៀមក្រំមួយកាលពីយប់មិញពីទឹកដីសហរដ្ឋអាមេរិក ជាទីកន្លែងដែលកញ្ញា និងម្ដាយចាត់ទុកជាគោលដៅទេសចរណ៍យ៉ាងសំខាន់សម្រាប់ជីវិតឯកជន។

ប៉ុន្ដែជាអកុសល្យ ម្ដាយរបស់កញ្ញាស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ កញ្ញា វីត វីត និយាយថា កញ្ញាបានបំពេញបំណងម្ដាយដោយនាំមកលេងកូនស្រីច្បងនៅអាមេរិក បើទោះបីជាកញ្ញាមិនចង់មកអាមេរិកក្ដី។

ប៉ុន្ដែតាំងពីមកដល់រយៈពេល១៥ថ្ងៃហើយ ម្ដាយរបស់កញ្ញាត្រូវសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនៅអាមេរិកដែលស្ថិតនៅតែក្នុងបន្ទុបតែ៤ម៉ែត្រ៤ជ្រុងប៉ុណ្ណោះ មិនទាន់បានឃើញទេសភាព ឬបានដើរកម្សាន្ដកន្លែងណានៅឡើយទេ។ កញ្ញា វីត វីត៖ “អ្វីៗក៏ម៉ាក់មិនទាន់បានស្គាល់ គ្រប់យ៉ាងជាកំហុសកូន កូនមិនបានមើលថែម៉ាក់ដិតដល់ មិនដឹងថ្ងៃណាម៉ាក់អាចពីមន្ទីរពេទ្យ មិនដឹងថ្ងៃណាយើងអាចត្រឡប់ទៅស្រុកខ្មែរវិញបាន”។

ទោះជាយ៉ាងណាកញ្ញា មិនបានបញ្ជាក់ថាម្ដាយរបស់កញ្ញា កំពុងឈឺអ្វីដែលត្រូវចូលពេទ្យសង្គ្រោះបន្ទាន់នោះទេ។ គិតត្រឹមម៉ៅង៩ ថ្ងៃទី២៨ ខែមីនា នេះ Sabay មិនទាន់អាចទាក់ទងពិធិការិនី វីត វីត ដើម្បីសាកសួរបន្ថែមបាននៅឡើយទេ។ ទន្ទឹមគ្នានេះក៏មានមិត្ដរួមអាជីពសិល្បៈ និងអ្នកគាំទ្ររបស់កញ្ញាជាច្រើនបានសាកសួរពីសុខទុក្ខរបស់ម្ដាយកញ្ញា ជាពិសេសចង់ដឹងថាម្ដាយរបស់កញ្ញាឈឺអ្វីតាមរយៈសារដែលបានបញ្ចេញនេះ ប៉ុន្ដែគេមិនទាន់ឃើញនាងឆ្លើយតបនៅឡើយទេ៕

ដកស្រង់ពី៖Sabay