Social Network

លាន អាហ្រ្វីលគីនីន ចំណាយថវិកាផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារ ស្ថាបនាផ្លូវមួយខ្សែនៅស្រុកអង្គស្នួល

អតីតតារាចម្រៀង និងជាពិធីករ លាន អាហ្វ្រីលគីនីន បានបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជួសជុលផ្លូវលំមួយខ្សែទំហំទទឹង៨ម៉ែត្រ និងមានប្រវែង៥០០ម៉ែត្រ ស្ថិតនៅភូមិខ្សាច់ ឃុំត្រាំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ទន្ទឹមគ្នានេះ មានអ្នកសិល្បៈនិងអ្នកស្គាល់លោកភាគច្រើន បានគាំទ្រនូវទឹកចិត្ដជួយសង្គមរបស់លោកនាពេលនេះ។ លោក លាន អាហ្វ្រីលគីនីន ប្រាប់Sabay នៅថ្ងៃទី៣០ ខែមីនា ថា ដោយមើលឃើញពីការលំបាកធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបលោកចំណាយលុយខ្ទង់៥ម៉ឺនដុល្លារ ដើម្បីជួសជុលផ្លូវនេះឡើងវិញ។

ក្រៅពីសកម្មភាពមនុស្សធម៌មួយនេះ លោកក៏អះអាងថា បានរួមចំណែកកសាងសមិទ្ធិផលជាច្រើនជូនពលរដ្ឋ ហើយបច្ចុប្បន្នត្បិតលោកបាត់មុខពីសិល្បៈ ប៉ុន្ដែលោកតែងតែជ្រោមជ្រែងទាំងថវិការ និងពង្រឹងសមត្ថភាពផ្នែកចម្រៀងដល់អ្នកសិល្បៈជាច្រើនទៀតដែរ។

លោក លាន អាហ្វ្រីលគីនីន ក៏បានចែករាយដំណឹងជួសជុលផ្លូវនេះតាមបណ្ដាញសង្គមដែរ។ លោកនិយាយថា នេះជាទឹកចិត្ដបន្ដិចបន្ដួច ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ ជិតលេចចេញជារូបរាងហើយ ហើយលោកសប្បាយចិត្ដ ដោយលោកពោលថា៖ “ធ្វើបុណ្យខ្លះ សប្បាយខ្លះ ធ្វើការខ្លះ និងរកស៊ីខ្លះ”៕

ដកស្រង់ពី៖Sabay