Social Network

ចាប់បាន៦នាក់ហើយ! មុននេះ ព្រហ្ម ម៉ាញ ក្ដៅស្លឹកត្រចៀកចំពោះអ្នកប្រមាថអាយុជីវិតលោកម្ដងទៀត

បន្ទាប់ពីមានពាក្យឃោសនាអកុសល្យ ឬការផ្សព្វផ្សាយព័ត៌មានមិនពិតថាវីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ បានស្លាប់នោះ ស្រាប់តែនៅរសៀលថ្ងៃទី៣០ ខែមីនា នេះ លោក ព្រហ្ម ម៉ាញ បានចេញមុខបកស្រាយ តាមរយៈគណនីហ្វេសប៊ុកកូនធម៌របស់លោក គឺអ្នកនាង កាឆយ។

កំពុងអង្គុយនៅលើគ្រែពេទ្យក្នុងទឹកមុខស្រស់បស់ លោក ព្រហ្ម ម៉ាញ និយាយថា លោកអន់ចិត្ដដែលមានគេប្រមាថអាយុជីវិតលោក ដោយបុគ្គលនោះបានបំផុសព័ត៌មានមិនពិតនេះកាលពីពីរថ្ងៃមុនម្ដងហើយ ហើយព្រឹកនេះឃើញផ្សព្វផ្សាយម្ដងទៀត ថារូបលោកស្លាប់។ លោកស្នើឲ្យអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវរកមុខជនល្មើសផ្សេងទៀត ដើម្បីផ្ដន្ទាទោសតាមច្បាប់ បើធ្លាប់ណែនាំ និងធ្វើកិច្ចសន្យាហើយនៅមិនស្ដាប់។

ព្រហ្ម ម៉ាញ៖ “អន់ចិត្ដដែរដែលគេនិយាយអីចឹង ឥឡូវខ្ញុំធូរច្រើនហើយ ចាំតែថ្ងៃចេញទៅផ្ទះតើ តែគ្រូពេទ្យមិនទាន់ឲ្យចេញ ចាំរៀបចំថ្នាំឲ្យស្រេចទៅផ្ទះសិន។ អ្នកបំពុលអស់ហ្នឹងរកឃើញ៦នាក់ហើយ ហើយគេហៅទៅណែនាំ ប្រហែលមកពីគ្រាន់តែណែនាំនឹងហើយ បានជាវាអត់រាងចាល"។ បើតាម អ្នកនាង កាឆយ ស្ថានភាពសុខភាពរបស់លោក ព្រហ្ម ម៉ាញ បានវិលទៅរកភាពដើមវិញស្ទើរតែ១០០%ហើយ ព្រោះលោកហូបបាន និងគេងបានធម្មតា ហើយសម្ពាធឈាមវិញក៏ចុះមកនៅចន្លោះ១២ ឬ១៣ប៉ុណ្ណោះ។

លោក ព្រហ្ម ម៉ាញ កំពុងសម្រាក ព្យាបាលជំងឺលើសឈាម នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ បន្ទាប់ពីលោកដួលសន្លប់ដោយសារសម្ពាធឈាមធ្វើទុក្ខខ្លាំង កាលពីយប់ថ្ងៃទី១៩ ខែមីនា គ្រាដែលលោកចូលរួមក្នុងកម្មវិធីមួយរបស់Pleng នៅសណ្ឋាគារ Garden City៕

ដកស្រង់ពី៖Sabay