Social Network

កំពុងកម្សត់! សាយ សៀរ៉ា ថ្លែងរឿងហួសចិត្ដមួយកាលពីជាង១ឆ្នាំមុន

តារាចម្រៀង និងសម្ដែងវ័យកណ្ដាលលោក សាយ សៀរ៉ា ឲ្យដឹងថា សព្វថ្ងៃការងារសិល្បៈមិនទាន់ងើបឡើងវិញនៅឡើយទេសម្រាប់រូបលោក ដោយដើមឆ្នាំ២០២២ នេះ មានសមាគម និងផលិតកម្មមួយចំនួនហៅលោកថត សម្រាប់ត្រៀមអបអរថ្ងៃបុណ្យចូលឆ្នាំខ្មែរតិចតួច ហើយពឹងតែទៅលើអាជីពពិធីករតាមរោងការ និងជួយLive លក់ផលិតផលឲ្យគេប៉ុណ្ណោះ។

បុរសសង្ហារ និងមានប្រជាប្រិយភាពរូបនេះ ប្រាប់Sabay ថា ក្នុងពេលដែលប្រភពចំណូលពីសិល្បៈមិនទាន់ងើបឡើងវិញដូចមុន រូបលោកនឹកឃើញដល់ការងារមួយចំនួនដែលលោកបំពេញដោយលំបាក និងយកចិត្ដទុកដាក់បំផុតនោះ ហាក់ដូចជាគ្មានន័យទៅវិញ ព្រោះផលិតកម្មខ្លះមិនឲ្យតម្លៃតួ ដោយជំពាក់ថ្លៃចេញថតរាប់ខែរាប់ឆ្នាំ។

សាយ សៀរ៉ា៖ “ពិបាកណាស់ ពេលខ្លះផលិតកម្មមួយចំនួនតូច គ្នាខំថតចប់ឡើងជាង១ឆ្នាំហើយ នៅមិនព្រមបើកលុយឲ្យ គ្នាទៀត ហើយឥឡូវការងារថតហ្នឹងស្ងាត់ខ្លាំងហ្មង…ខ្ញុំរាល់ថ្ងៃបានច្រៀង និងធ្វើជាពិធីករតាមកម្មវិធីមង្គលការ និងជួយLive ឲ្យគេ ក្រៅពីហ្នឹងអត់មានអីទេ”។ ទោះជាយ៉ាងណាតារាចម្រៀង និងសម្ដែងវ័យជ្រេរូបនេះ មិនចង់បង្ហើបឈ្មោះផលិតកម្ម ឬផលិតកម្មដែលនៅជំពាក់ថ្លៃថតលោកនោះឡើយ ប៉ុន្ដែលោកចង់ឃើញម្ចាស់ផលិតកម្មទទួលខុសត្រូវខ្ពស់លើការងារជួយតួ ឬហៅតួទៅថត ព្រោះការយឺតយ៉ាវ ឬជំពាក់រាប់ខែរាប់ឆ្នាំដូច្នេះ គឺស្នើនឹងមិនឲ្យតម្លៃតួសម្ដែង។

តារាសម្ដែងចាស់វស្សា សាយ សៀរ៉ា មានវ័យជ្រេបន្ដិច ប៉ុន្ដែគេសង្កេតឃើញលោកនៅតែមានមុខមានមាត់ខ្លាំងនៅក្នុងសង្គមសិល្បៈ។ ឆ្លៀតពេលពីការងារសិល្បៈ លោកក៏តែងតែចេញធ្វើសកម្មភាពមនុស្សធម៌ដែរ ដោយលោកជាអ្នកផ្ដើមគំនិតកៀរគរថវិកាជួយដល់សិល្បករ-សិល្បការិនីខ្មែរដែលមានជីវភាពខ្វះខាត ហើយលោកតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនច្រើនជាងគេជានិច្ច៕

ដកស្រង់ពី៖Sabay