Social Network

តំណាងទូត នៃប្រទេសធំៗ២ បានចូលរួមសម្ពោធដាក់បញ្ចាំងខ្សែភាពយន្ដ ប៊ូឌីញ ស យប់មិញ

ខ្សែភាពយន្ដខ្នាតធំ ប៊ូឌីញ ស ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្ដមួយចំនួនក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ តទៅ។

ក្នុងពិធីសម្ពោធនេះ គេឃើញវត្ដមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ព្រមទាំងផលិតករ និងតារាសម្ដែងក្នុងខ្សែភាពយន្ដនេះសរុបជាង១០០នាក់ បានចូលរួម។ ផលិតករ នាង កាវិច ថ្លែងទៅកាន់អ្នកចូលរួមមុនចាក់បញ្ចាំងខ្សែភាពយន្ដ ប៊ូឌីញ ស របស់ខ្លួន នៅរោងភាពយន្ដឡេជិន ផ្សារទំនើបមីតថោន ថា អាគារប៊ូឌីញ ដែលជាជម្រករបស់គ្រួសារលោក និងពលរដ្ឋជាច្រើនគ្រួសារទៀត ត្រូវបានគេវាយកម្ទេច ដើម្បីអភិវឌ្ឍន៍ថ្មីនៅឆ្នាំ២០១៦។

ពេលនោះ លោកមានអារម្មណ៍តក់ស្លុត ហើយក៏ចាប់ផ្ដើមថតស្ថានភាពអ្នកភូមិផ្លាស់ប្ដូរផ្ទះ និងអ្នកភូមិខ្លះបន្ដរស់នៅក្នុងអាគារ ដោយដំបូងនឹកថាគ្រាន់តែទុកវាជាការចងចាំផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្ដែខ្លួនស្រឡាញ់វិស័យភាពយន្ដពេកក៏លោកសម្រេចផលិតវាទៅជាខ្សែភាពយន្ដតែម្ដង។

នាង កាវិច៖ “ខ្ញុំចង់សំណូមពរដល់ទស្សនិកជន ក៏ដូចជាបងប្អូនខ្មែរទាំងអស់ដែលស្រឡាញ់សិល្បៈ ក៏ដូចជាវិស័យកុនអីចឹង សូមជួយចូលរួមគាំទ្រវិស័យនេះ ព្រោះខ្ញុំគិតថាវិស័យសិល្បៈមានសារៈសំខាន់មែនទែនក្នុងការជួយអភិវឌ្ឍសង្គម ប្រទេសជាតិអីចឹងហើយបានថាពេលវិស័យសិល្បៈរីកចម្រើន ប្រទេសជាតិយើងក៏រីកចម្រើនដែរ"។ ចំណែកតួអង្គឯកក្នុងរឿង ប៊ូឌីញ ស ឬWhite building លោក ឈួន ពិសិដ្ឋ បានបង្ហាញនូវអារម្មណ៍រីករាយដែលមានឱកាសបានសម្ដែងក្នុងភាពយន្តនេះ ហើយត្រូវបានគេដាក់បញ្ចាំងនៅមុនថ្ងៃចូលឆ្នាំខ្មែរមកដល់។ លោករំពឹងថានឹងទទួលបានការគាំទ្រខ្លាំង ព្រោះអ្នកនៅភ្នំពេញ ហើយមិនទៅលេងស្រុកកំណើត គឺពិតជានិយមដើរផ្សារទំនើប និងទស្សនាភាពយន្ត។

តួឯករូបនេះក៏ទទូចឲ្យពលរដ្ឋខ្មែរចូលរួមគាំទ្រស្នាដៃមួយនេះ ដោយសារតែរឿង"ប៊ូឌិញ ស" ស្ដែងឡើងពីអាគារដ៏ចំណាស់មួយនៅភ្នំពេញ ត្រូវបានគេវាយចោលដើម្បីអភិវឌ្ឍដែលកូនខ្មែរមួយចំនួននឹងមិនបានដឹង ហើយឮតែឈ្មោះ។

ភាពយន្តនេះ គឺជាវីដេអូឯកសារដ៏សំខាន់របស់អាគារប៊ូឌិញ ស ហើយក៏បានបន្យល់នូវអនុស្សាវរីយ៍ច្រើនណាស់ ក្រោយពេលសម្ដែងចប់។ ខ្សែភាពយន្ដខ្នាតធំ ប៊ូឌីញ ស ឬWhite building ចាប់ផ្ដើមលក់សំបុត្រចូលទស្សនាចាប់ពីថ្ងៃទី៧ ខែមេសា បន្ទាប់ពីរឿងនេះ បានដំណើរដាក់បញ្ចាំងនៅតាមបណ្ដាប្រទេសជាច្រើន និងបានចូលរួមមហោស្រពភាពយន្តនៅក្រៅប្រទេសរហូតដល់ជាង២០លើកហើយបានឈ្នះពាន២ទៀតផង៕

ដកស្រង់ពី៖Sabay