Social Network

ក្រសួង​នឹងចុះ​ទៅ​បិទចោល​ ករណី​រក​ឃើញ​​ទីតាំង​កែច្នៃឡើង​ស៊េរី​ឡាន​​ខុស​ប្រព័ន្ធសុវត្ថិភាពដើម​

កន្លងមកក្រសួងសាធារណការនិងដឹកជញ្ជូន សង្កេតឃើញថា ម្ចាស់រថយន្តគ្រួសារមួយចំនួនបានកែច្នៃ ដំឡើងម៉ូឌែលរថយន្តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង បណ្ដាលឲ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឲ្យប្រែប្រួលអត្តសញ្ញាណរថយន្ត (មើលលែងស្គាល់ប្រភពដើម)។

សកម្មភាពនេះផ្ទុយទៅនឹងមាត្រាទី ១៩ ស្ដីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងរថយន្ត។ ហេតុដូចនេះ ដើម្បីធានានូវសណ្ដាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្ត ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ក្រសួងសាធារណការនិងដឹកជញ្ជូនចេញសេចក្តីជូនដំណឹងដល់ម្ចាស់រថយន្តទាំងអស់ រួមទាំងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទមេត្តាជ្រាបថា៖

១) រថយន្តដែលបានកែច្នៃដំឡើងម៉ូឌែលថ្មី ប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានដូចជា៖ ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ គ្មានការអនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូន គឺមិនអនុញ្ញាតឲ្យចូល(ឆៀក) ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

២) យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពដំឡើងរថយន្ត ប៉ះពាល់ដល់ផ្នែកសុវត្ថិភាព របស់យាន និងមិនបានស្នើសុំអនុញ្ញាតសុំការដំឡើងនោះ ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ។

ក្រសួងសាធារណការនិងដឹកជញ្ជូន សង្ឃឹមជឿជាក់ថា ម្ចាស់រថយន្ត និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ ចូលរួមអនុវត្តបទបញ្ញាតិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា៕

ដកស្រង់ពី៖sabay