Social Network

ម្ចាស់ថ្លៃអើយ! គ្រាន់តែ Concert របស់ BTS អាចរកលុយស្ទួយកូរ៉េខាងត្បូងជិត១ពាន់លានដុល្លារ

បន្ទាប់ពីប្រទេសកូរ៉េបើកដំណើរការឡើងវិញ ក្រោយមានការផ្ទុះមេរោគកូវីដ១៩ ជាង ២ឆ្នាំ មានការប៉ាន់ស្មានថាការត្រឡប់មកវិញនៃការប្រគំតន្ត្រី BTS និងវិស័យទេសចរណ៍ អាចរកចំណូលឲ្យសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង ១ទ្រីលានវ៉ុន (ខ្ទង់ ៨០៩លានដុល្លារ)។

វិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េ បានចេញផ្សាយរបាយការណ៍មួយ ដែលរៀបរាប់លម្អិតពីការជំរុញវិស័យសេដ្ឋកិច្ច ចេញពីការប្រគំតន្ត្រីរបស់ BTS ដែលរំពឹងថាអាចនឹងរកបាន មកឲ្យប្រទេសក្នុងអំឡុងក្រោយសម័យកូវីដ។

របាយការណ៍នេះបានប៉ាន់ប្រមាណឥទ្ធិពលសេដ្ឋកិច្ចសរុបនៃការប្រគំតន្ត្រី BTS គិតចាប់ពីការ លក់សំបុត្រ Concert ការលក់ទំនិញផ្សេងៗ ថ្លៃសំបុត្រយន្តហោះ និង ការដឹកជញ្ជូន ព្រមទាំងការចំណាយលើ ការធ្វើដំណើរសម្រាប់អ្នកទេសចរ ដែលជ្រើសរើសទៅលេងកូរ៉េខាងត្បូង ដើម្បីចូលរួមការប្រគុំតន្ត្រី BTS។ វិទ្យាស្ថានដដែល បានសន្មត់ថា ការប្រគុំតន្ត្រី BTS នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅកន្លែងដែលអាចផ្ទុកអ្នកទស្សនាបានយ៉ាងតិច ៦៥ ០០០ នាក់ ដូចជាកីឡដ្ឋានអូឡាំពិកទីក្រុងសេអ៊ូល ឬកីឡដ្ឋាន Seoul World Cup ។

ប្រសិនបើអ្នកចូលរួមការប្រគំតន្ត្រីត្រឹមតែ ២០ភាគរយ គឺជាភ្ញៀវបរទេស ផលប៉ះពាល់សេដ្ឋកិច្ចនឹងរកបាន ៦២០ពាន់លានវ៉ុន (ប្រហែល ៥០០ លានដុល្លារ) ឲ្យសេដ្ឋកិច្ចរបស់ប្រទេស។

ប៉ុន្តែប្រសិនបើអ្នកទស្សនា ៣៥ភាគរយ គឺជាភ្ញៀវបរទេស ចំនួននោះនឹងកើនឡើងដល់ ៩២០ពាន់លានវ៉ុន (ប្រហែល ៧៤២ លានដុល្លារអាមេរិក) ហើយប្រសិនបើភាគរយជនបរទេសឈានដល់ ៥០ភាគរយ នោះចំនួនត្រូវតែកើនដល់ ១,២២ទ្រីលានវ៉ុន (ប្រហែល ៩៨៤ លានដុល្លារ) នឹងត្រូវហូរចូលទៅក្នុងវិស័យសេដ្ឋកិច្ច។ លើសពីនេះ ការដាក់ឲ្យដំណើរការឡើងវិញនូវការប្រគំតន្ត្រីរបស់ BTS នឹងបង្កើតការងារប្រមាណ ១០ ៨០០ សម្រាប់មនុស្សម្នាក់ៗ៕

ដកស្រង់ពី៖Sabay