Social Network

ពិចារណាតាមការគួរ! ហេតុផលធំណាស់ ជម្រុញចិត្ត នីឡា សម្រេចមានកូនមុនការ

បន្ទាប់ពីបែកធ្លាយដំណឹងថា នីឡា មានទម្ងន់កូន ៥ខែក្រោយ រៀបការបានជាង ១ខែមក ស្រាប់តែមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង រហូតបណ្ដាញសារព័ត៌មានសម្រុកចេញព្រោងព្រាតមិនឲ្យចាញ់គ្នាឡើយ។

ទោះជាយ៉ាងណា នៅយប់ថ្ងៃទី២១ ខែមេសា នីឡា បាន Live លើកឡើងពីអ្វីដែលខ្លួនកំពុងប្រឈម ព្រោះមានមតិជាច្រើនរិះគន់ចំៗមកកាន់នាង ថាមានផ្ទៃពោះមុនការ។ ប៉ុន្តែគ្រប់គ្នាមិនអាចវាយតម្លៃមនុស្សតែសម្បកក្រៅបានទេ ដោយសារ នីឡាពិតជាមានហេតុផលផ្ទាល់ខ្លួនមែន។ និយាយក្នុងពេល Live នាងបានបញ្ជាក់ថា ការដែលនាងមានកូនមុនការ ក៏ព្រោះនាងជួបបញ្ហាសុខភាពខ្លាំង ទាំងនៅក្មេង។ ពេលទៅពិគ្រោះជាមួយពេទ្យ ពេទ្យប្រាប់ថា នាងមានឈាមក្ដៅ ជាហេតុមានភាគរយតិចណាស់ក្នុងឱកាសយកកូន។

ប៉ុន្តែនៅពេលប្លែកក្នុងខ្លួន និងពិនិត្យទៅឃើញថាមានបុត្រនោះ នាងនិងគ្រួសារពិតជារំភើបណាស់។ មួយវិញទៀត ក៏ដោយសារ នីឡា ដឹងខ្លួនថាមានសុខភាពមិនល្អ ដូច្នេះក៏សម្រេចថាបើអាច យកកូនពីក្មេងតែម្ដងទៅ ព្រោះសាមីខ្លួនមិនប្រាកដថាពេលចាស់ទៅ សុខភាពនាងនឹងប្រែប្រួលយ៉ាងណាទៀតទេ។ ត្បិតមានអ្នករិះគន់ ប៉ុន្តែក៏មិនខ្វះដែរ អ្នកដែលលើកទឹកចិត្ត និងជូនពរឲ្យនាង និងកូនក្នុងផ្ទៃមានសុខភាពរឹងមាំ៕

ដកស្រង់ពី៖Sabay