Social Network

ស្មានខុសអស់រលីង! ការពិតឡានអគ្គិសនីទី១របស់ Subaru ថ្លៃជាងឡាន​ Toyota bZ4X

កាលពីចុងឆ្នាំមុន Toyota និង Subaru បានធ្វើឱ្យមានការភ្ញាក់ផ្អើលម្តងរួចមកហើយ ដែលក្រុមហ៊ុនបានប្រកាសបញ្ចេញរថយន្តអគ្គិសនីទីមួយរបស់ខ្លួនដូចគ្នា ហើយអភិវឌ្ឍលើគ្រោងឆ្អឹងតែមួយ និងមានចំណុចជាច្រើនដូចគ្នា។

ក្នុងនោះ Toyota បានបញ្ចេញ bZ4X ឯ Subaru បញ្ចេញ Solterra ដែលគេហៅថាពួកវាជាបងប្អូនភ្លោះនឹងគ្នាទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺគេស្មានខុសហើយថា រថយន្ត bZ4X នឹងថ្លៃជាង Solterra ការពិតគឺរថយន្តអគ្គិសនីរបស់ Subaru នេះទៅវិញដែលថ្លៃជាងរថយន្ត Toyota។

Subaru Solterra មានតម្លៃចាប់ពី ៤៦ ២២០ដុល្លារឡើងទៅ ខណៈ Toyota bZ4X មានតម្លៃចាប់ពី ៤៣ ២១៥ដុល្លារឡើងទៅ ពោលគឺខុសគ្នាប្រហែល ៣ពាន់ដុល្លារ។

រថយន្ត Solterra ដែលថ្លៃជាងបែបនេះ អាចដោយសារតែ Subaru ចំណាយលើការផលិតច្រើនជាង ដូចជា បំពាក់ម៉ូទ័រភ្លើង២ និងប្រព័ន្ធប៉ុង២ លើរថយន្តBase option របស់ខ្លួនទៅហើយ ខណៈដែល Toyota បំពាក់តែម៉ូទ័រភ្លើង១ និងប៉ុង១ខាងមុខ។

សូមបញ្ជាក់ថា រថយន្ត Subaru Solterra មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ និង ប្រព័ន្ធបើកបរប៉ុងពីរ ដែលបង្កើតកម្លាំងបាន ២១៨សេះ និងកម្លាំងរមួល ៣៣៦ញ៉ូតុនម៉ែត្រ។

ក្រុមហ៊ុន Subaru អះអាងថា រថយន្តអគ្គិសនីនេះអាចរត់បានចម្ងាយ ២២០ម៉ាយ៍ ឬ ៣៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាក៏គាំទ្រការសាកថ្មល្បឿនលឿន DC Fast Charging ដែលមានសមត្ថភាពអាចសាកពី ០-៨០% ប្រើពេលមិនដល់ ១ម៉ោងឡើយ។

រថយន្ត bZ4X គ្រប់ option គឺពេលសាកភ្លើងពេញម្តង បើកបានចម្ងាយ ៤៥០គីឡូម៉ែត្រ។ សម្រាប់ប៉ុង១ វាផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៦៥ញ៊ូវតុនម៉ែត្រ ឯប៉ុង២ ផលិតបានកម្លាំង ២១៥សេះ និងកម្លាំងរមួល ៣៣៦ញ៊ូវតុនម៉ែត្រ៕

ដកស្រង់ពី៖sabay