Social Network

គ្រប់គ្នាអាចស្រក់ទឹកភ្នែក ពេលដឹងស្ថានភាពម្ដាយ និងAdminរបស់នាយប្រុញ នៅឯស្រុកកំណើត

អ្នកនិពន្ធ និងដឹកនាំសម្ដែងវ័យក្មេង គង់ សុកាន បានបង្ហាញភាពកណ្ដោចតែម្នាក់ឯង ក្រោយបញ្ចប់ជម្លោះជាមួយនាយប្រុញដែលធ្លាប់ជាកូនក្រុមរបស់លោកកាលពីប៉ុន្មានសប្ដាហ៍មុន។

លោក អង្គុយត្របោមក្បាលជង្គង់ហាលភ្លៀង រួចសម្រក់ទឹកភ្នែកតែម្នាក់ឯង រហូតធ្វើឲ្យមិត្ដភក្ដិ និងគ្រួសារចេញមកសួរនាំពីមូលហេតុ តែលោកមិននិយាយស្ដីអ្វីក្រៅពីពាក្យថា “អន់ចិត្ដ”ឡើយ។ គិតត្រឹមថ្ងៃទី៣ ខែឧសភា នេះ គេមិនទាន់ទទួលបានចម្លើយពិតចេញពីមាត់របស់អ្នកដឹកនាំរឿងរូបនេះនៅឡើយទេ ប៉ុន្ដែអ្នកខ្លះយល់ថា ការទម្លាយជម្លោះរវាងលោក និងនាយប្រុញជាសាធារណៈ បានធ្វើឲ្យលោកធ្លាក់ដល់ចំណុចសូន្យ ឬរងនូវការចោទប្រកាន់មិនចេះចប់ពីមហាជន ថារូបលោកកេងប្រវ័ញលើកម្លាំងញើសឈាមនាយប្រុញ។

តាមពិតរឿងនេះ ត្រូវបានAdmin នាយប្រុញបញ្ជាក់ម្ដងហើយម្ដងទៀតថា រូបលោកមិនបានកេញប្រវ័ញលើកម្លាំងញើសឈាមនាយប្រុញសូម្បីមួយរៀល ផ្ទុយទៅវិញមានតែជ្រោមជ្រែងនាយប្រុញ ដ្បិតកន្លងទៅប្រុញបានសាងកំហុសជាច្រើនមកលើរូបលោក ប៉ុន្ដែលោកនៅតែអត់ធ្មត់ និងលើកលែងឲ្យជានិច្ច។ លោក គង់ សុកាន បានលើកពីកម្រិតជីវភាពរបស់ខ្លួន និងនាយប្រុញ សព្វថ្ងៃ គឺខុសគ្នាដាច់។

លោកថា ប្រុញទទួលបានឡាន ម៉ូតូ និងមានផ្ទះសមរម្យរស់នៅ ប៉ុន្ដែរូបលោកវិញមានត្រឹមផ្ទះតូចប្រក់ស្លឹក ហើយម្ដាយលោកវិញក៏មានជីវភាពមិនធូរធាដែរ។ ទាំងនេះ បង្ហាញឲ្យឃើញថាបើលោកមានលុយ ឬបានលុយច្រើនពីកម្លាំងញើសឈាមនាយប្រុញមែននោះ ម៉្លេះសមលោក ធ្វើផ្ទះធំ ហើយផ្ដល់លុយឲ្យម្ដាយគ្រាន់បានរស់នៅធូរធានឹងគេបាត់ទៅហើយ ប៉ុន្ដែបានត្រឹមយល់ពាក្យថាធ្វើគុណបានទោស។

និយាយដល់ត្រង់នេះ ធ្វើឲ្យក្រុមការងារនឹកដល់គ្រាមួយដែល គង់ សុកាន ទៅបំពេញការងារនៅខេត្ដសៀមរាប ហើយឆ្លៀតជូននាយប្រុញទៅលេងផ្ទះ ក៏ជួបម្ដាយបង្កើតរបស់លោកនៅតាមផ្លូវ កំពុងទូលនំផ្លែអាយលក់តាមផ្លូវក្នុងភូមិ។

ភ្លាមនោះ លោក ពុំមានលុយច្រើននៅក្នុងហោប៉ៅទេ លោកក៏ដាច់ចិត្ដខ្ចីលុយមិត្ដរួមការងារម្នាក់២ម៉ឺនរៀល និងខ្លះបាន៣ម៉ឺនរៀល សរុបចូលគ្នាបានប្រហែល១០ម៉ឺនរៀល ដើម្បីជូនម្ដាយ ហើយលោកក៏យកនំផ្លែអាយនោះ មកចែកក្រុមការងារហូបតែម្ដង។ ភាពកតញូ និងទិដ្ឋភាពដែលក្រុមការងារបានឃើញដោយផ្ទាល់ភ្នែកនេះ ធ្វើឲ្យគេយល់ពីអារម្មណ៍ពិតរបស់Admin គង់ សុកាន។

តាមពិតនាយប្រុញ ត្រូវជាក្មួយបង្កើតរបស់លោក ហើយលោកក៏ជាអ្នកជ្រោងនាយប្រុញឲ្យបានល្បី តាមរយៈវីដេអូថតដោយទូរស័ព្ទដៃរបស់លោកកាលនៅស្រុកជាមួយគ្នា។ ក្រោយទទួលបានការគាំទ្រច្រើនពីមហាជន អ្នកទាំងពីរក៏បានឡើងមកភ្នំពេញ ហើយក៏ស្គាល់ និងបានធ្វើការជាមួយលោកឧកញ៉ាសម្បត្ដិ។ តែពេលនេះអ្នកទាំងពីបែជាល្អក់កករនឹងគ្នាទៅវិញ៕

ដកស្រង់ពី៖Sabay