Social Network

រឿងគួរដឹង! បន្ទាប់ពី ឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត តើតារាប្រុសណាទៀត កំពុងកាន់ជំនួញធំៗក្នុងដៃ?

ថ្មីៗនេះមហាជនពិតជាមានការភ្ញាក់ផ្អើល ព្រោះភ្លាមៗតារាចម្រៀងប្រុស ២ រូប គឺតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ឡើងកូដខ្លាំងក្នុងវិស័យជំនួញ រហូតពេលនេះ ទទួលបានងារដ៏ខ្ពស់ខ្ពស់ ឋានៈ «ឧកញ៉ា» ទៀតផង។

ក្រោយមានការប្រកាសភ្លាមៗនេះដែរ គ្រប់គ្នាក៏ស្រាប់តែនឹកដល់តារាប្រុសផ្សេងទៀត ដែលកំពុងខ្នះខ្នែង និងចូលប្រឡូកពេញទំហឹងនឹងវិស័យអចលនទ្រព្យ ក៏ដូចជាជំនួញផ្សេងទៀត ដែលសុទ្ធតែចាយទុនធំៗ មិនមែនលំៗឡើយ។

តារាប្រុសទាំងនោះរួមមាន៖

១. តារាចម្រៀង ឆាយ វីរៈយុទ្ធ

លោកមានជំនួញច្រើនណាស់ក្នុងដៃ ក្រៅពីការងារជាតារាចម្រៀង ដោយលោកក៏ជាអ្នកជំនួញម្នាក់ដែលមានគម្រោងលក់ផ្ទះវីឡាផងដែរ។

២. តារាកំប្លែង/ចម្រៀង ពែក មី

មានកំណើតកើតជាចេញពីគ្រួសារកសិករ នាយ ពែកមី ច្បាស់ជាដឹងច្បាស់ពីទុក្ខលំបាកជាច្រើន ហើយលោកក៏បានឆ្លងកាត់ឧបសគ្គជាច្រើនដែរ ទម្រាំមានបានដូចថ្ងៃនេះ។ ក្រោយល្បីឈ្មោះពីអាជីពសិល្បៈ ពែកមី ក៏កាន់តែបោះជំហានបន្តទៀត ឈោងទៅចាប់វិស័យជំនួញ ដោយក្រៅពីអង្គុយ Live លក់ផលិតផលសម្រស់ធម្មជាតិ តារាកំប្លែងរូបនេះក៏មានការងារក្នុងវិស័យអចលនទ្រព្យដែរ។

៣. តារាចម្រៀង ខាន់ ជែមស៍

លោកឪពុកកូន ៤ រូបនេះ ត្រូវបានគេស្គាល់ច្បាស់ថាជា បុរសដេលខ្នះខ្នែងណាស់ក្នុងការស្វែងរកលុយចិញ្ចឹមគ្រួសារ និងចង់ឲ្យកូនៗរស់នៅបានស្រួល កុំឲ្យពិបាកដូចខ្លួនកាលពីក្មេង។ តាមព័ត៌មាន ក្រៅពីមាន ជំនួញនាំចូលធុងបាសពីបរទេស ដោយមានការគាំទ្រពីមហាជន ក៏ដូចជាមិត្តសិល្បករជាច្រើន។ បន្ថែមពីលើនេះ លោកក៏មានឈ្មោះក្នុងវិស័យអចលនទ្រព្យ (រួមមាន ដីឡូត៍និងផ្ទះល្វែង) ដែរ។

៤. តារាចម្រៀង កែវ វាសនា

លោកបានចាប់ដៃជាមួយនឹងភរិយាបើកក្រុមហ៊ុនគ្រឿងសម្អាងរបស់ខ្លួន ដោយបានចាយទុនប្រមាណ ២០ម៉ឺនដុល្លារ។ ក្រុមហ៊ុនរបស់តារាចម្រៀងល្បីរូបនេះមានឈ្មោះថា Chy Chy lim Cambodia Co.,Ltd និងកាក់កបខ្លាំងបំផុត ទល់សព្វថ្ងៃនេះ។

៥. តារាចម្រៀង ឆន សុវណ្ណរាជ

ទោះបីមិនទាន់មានគូដូចគេ ប៉ុន្តែតារាប្រុសរូបនេះមិនទុកពេលអត់ប្រយោជន៍ទេ ដោយបានបង្កើតការងារ ដើម្បីអាចរកចំណូលបានច្រើនពីលើការងារសិល្បៈ។ ដូចប្រិយមិត្តបានជ្រាបស្រាប់ថា លោកបានរួមការងារជាមួយនឹងក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយក៏ឆ្លៀតខ្លួនចូលវិស័យអចលនទ្រព្យដែរ។

៦. តារាសម្ដែង ថមមី

ស្វាមីរបស់តារាចម្រៀង សួស វីហ្សា ក៏ជាកំពូលអ្នករកលុយដែរ។ ទាន់ខ្លួននៅក្មេងមានកម្លាំងខ្លាំង ថមមី និងភរិយាបានបោះទុនជាបន្តបន្ទាប់ក្នុងរបររកស៊ីផ្ទាល់ខ្លួនជាច្រើនមុខ ហើយលោកក៏មិនខុសពីតារាប្រុសល្បីឈ្មោះផ្សេងទៀតដែរ ដោយបានបើកគម្រោងដីឡូតិ៍លំនៅដ្ឋានធម្មជាតិ ថមមី-វីសា ដែរ។

៧. តារាចម្រៀង ឃុំ ប៉ុណ្ណាដែត

លោកនិងភរិយា គឺអ្នកនាង យក ថិតរដ្ឋា ក៏ជាអ្នកជំនួញក្នុងវិស័យ អចលនទ្រព្យដែរ ដែលរួមមានទាំងគម្រោងផ្ទះល្វែង ក៏ដូចជាដីឡូត៍។

៨. តារាចម្រៀង អ៊ីណូ

ការងារសិល្បៈមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ តារាចម្រៀងថ្គាមខ្លារូបនេះទេ ដូច្នេះលោកក៏បានចាប់យកការងារជាអ្នកជំនួញ រួមមានបើកឃ្លាំងលក់ឡាន លក់សម្លៀកបំពាក់ ហាងកាហ្វេនិងថែមទាំងហ៊ានបោះទុនបើកគម្រោងលក់ដីឡូត៍ទៀត។

៩. តារាចម្រៀង ខេម

លោកក៏ជាតារាប្រុសដែលតស៊ូពុះពារខ្លាំងដែរក្នុងជីវិតនេះ រហូតបច្ចុប្បន្នមានជីវិតដ៏ល្អរុងរឿង។ តាមព័ត៌មានចុះផ្សាយកន្លងមក ខេម ក៏ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងដែរ មានឈ្មោះថា "T&Y" ដែលនៅទល់មុខវត្តសំរោងអណ្ដែត រាជធានីភ្នំពេញ៕

ដកស្រង់ពី៖Sabay