Social Network

ពុទ្ធោ! សម្ដេចទម្លាយថា មានឧកញ៉ា៥រូប លូកដៃចូលក្នុងសំណុំរឿងឧកញ៉ា ហេង សៀ និង មាន ពេជ្ររីតា

ក្ដីក្ដាំរវាងឧកញ៉ា ហេង សៀ ជាមួយអតីតពិធីការិនីស្ថានីទូរទស្សន៍ My TV មាន ពេជ្ររីតា ផ្ទុះការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីសម្ដេច ហ៊ុន សែន រំលឹកវាឡើងវិញ ហើយចាត់ទុកថាករណីនេះមិនមែនជារឿងតូចតាចទេ ព្រោះភាគីខាងស្រីរងនូវការបៀតបៀន ហើយត្រូវជាប់ឃុំថែមទៀត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែមេសា នេះ សម្ដេចបានទម្លាយថា ករណីនេះ មានឧកញ៉ាចំនួន៥នាក់ បានលូកដៃ ហើយលោកឧកញ៉ា ហេង សៀ ផ្ទាល់មិនបានចូលខ្លួនដោះស្រាយរឿងនេះ ដោយផ្ទាល់ទេ គឺឲ្យកូនប្រសាររៀបចំវីដេអូកាត់តផ្សេងៗ ដើម្បីដោះបន្ទុកឪពុកក្មេករបស់ខ្លួន។

សម្ដេចតេជោ៖ "ក្មេងស្រីហ្នឹង…កំពុងជាប់នៅក្នុងមន្ទីរឃុំឃាត់ តើឲ្យខ្ញុំនៅស្ងៀមទេរឿងហ្នឹង ខ្ញុំមិនមែនតិរច្ឆានទេ បើអ្នកតិរច្ឆាន សូមអ្នកធ្វើដោយខ្លួនឯងចុះ ប៉ុន្ដែក្នុងឋានៈជានាយករដ្ឋមន្ដ្រីខ្ញុំត្រូវតែទទួលខុសត្រូវ ដើម្បីយុតិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួនដែលត្រូវគេបំពាន"។

សម្ដេចបន្ថែមថា បើពុំមានការធានាឲ្យនៅក្រៅឃុំ និងស្រាវជ្រាវដោយយកចិត្ដទុកដាក់ពីសំណាក់ក្រុមមេធាវីស្ម័គចិត្ដរបស់សម្ដេចតេជោទេ ម៉្លេះសមចៅស្រីដែលសម្ដេចសំដៅដល់កញ្ញា មាន ពេជ្ររីតា គឺនៅក្នុងមន្ទីរឃុំឃាំងនៅឡើយទេ ព្រោះតែអំណាច នៃបណ្ដឹងរបស់ឧកញ៉ា ហេង សៀ។

សម្ដេចថា បើមានភាពចាំបាច់ សម្ដេចនឹងបញ្ចេញវីដេអូឆ្លើយឆ្លងអន្ដរាគមន៍របស់ឧកញ៉ាទាំងនោះ ព្រោះមានគេផ្ញើវីដេអូទាំងនោះឲ្យសម្ដេច ហើយវានៅក្នុងដៃសម្ដេចនៅឡើយ។ សូមរំលឹកថា ករណីឧកញ៉ា ហេង សៀ លួចមានទំនាក់ទំនងស្នេហាត្រីកោណជាមួយកញ្ញា មាន ពេជ្ររីតា បានឈានដល់ជម្លោះ និងប្រើហិង្សារ។

ការប្រតាយប្រតប់គ្នានៅក្នុងឡានកាលណោះ នាំឲ្យភាគីលោកឧកញ៉ាកសាងសំណុំរឿងព្រហ្មទណ្ឌមួយ ដោយចោទថា កញ្ញា មាន ពេជ្ររីតា បានប្រើហិង្សារដោយប្រើកាំបិតចុងស្រួចចាក់លើលោកឧកញ៉ាជាច្រើនកាំបិត និងចោទពីបទលួចទូរស័ព្ទលោកឧកញ៉ា។ ប៉ុន្ដែក្រោយមកសំណុំរឿងនេះ ត្រូវបានដឹងដល់សម្ដេច ហើយក៏មានអន្ដាគមន៍យ៉ាងត្រឹមត្រូវពីក្រុមមេធាវីស្ម័គចិត្ដសម្ដេចតេជោ៕

ដកស្រង់ពី៖Sabay