Social Network

មានលុយច្រើនក៏ ពាក់មី មិនប្រាថ្នាធ្វើឧកញ៉ា តែទុកធ្វើផ្ទះជូនពុកម៉ែឲ្យរស់ស្រួលដូចសេដ្ឋី

ទោះបីមានចរិតចូលចិត្តលេងសើចច្រើន ប៉ុន្តែតារាកំប្លែង ពាក់មី ត្រូវបានគេស្គាល់ច្បាស់ថាជាកូនកតញ្ញូ និងតែងគោរពប្រណិបតន៍ឪពុកម្ដាយបានយ៉ាងល្អបំផុត ក្នុងនាមជាកូនបង្កើត និងកូនប្រសារ។

ថ្មីៗនេះលោកបានបង្ហោះរូបជាច្រើនសន្លឹកបង្ហាញពី ផ្ទះថ្មី ដែលលោកបានចំណាយលុយផ្ទាល់ខ្លួនទាំងស្រុងធ្វើជូន ឪពុកម្ដាយក្មេក ឲ្យលោកទាំង ២ រស់នៅបានសុខស្រួលក្នុងវ័យចាស់ព្រឹទ្ធិចាស់ព្រេងពេលនេះ និងតទៅមុខ។

អមជាមួយនឹងរូបភាពជាច្រើនសន្លឹកនោះ ពាក់មីបានសរសេរភ្ជាប់ថា៖ **«ចេញពីផ្ទះម៉ែឪបង្កើត មកមើលផ្ទះម៉ែឪក្មេកទៀត រាល់ថ្ងៃមិនប្រាថ្នាក្លាយជាឧកញ៉ាទេ សុំតែម៉ែឪទាំងសងខាងបានរស់ស្រួល បងប្អូនមានការងារធ្វើ គឺខ្ញុំអស់ចិត្តហើយ ធ្វើផ្ទះជូនម៉ែឪពេលគាត់នៅរស់ ប្រសើរជាងសង់ចេតិយមាសជូនគាត់ពេលដែលគាត់ស្លាប់»។**

ប្រយោគដែលបានបង្ហោះនេះពិតជាចាក់ដោតខ្លាំងបំផុត ព្រោះស្របពេលតារារួមអាជីពបានឡើងងារជាឧកញ៉ាបន្តបន្ទាប់ ដូច្នេះមហាជនក៏បានសម្លឹងហូរហែមកលើនាយ ពាក់មី និងតារាប្រុសផ្សេងទៀតដែលកំពុងខ្នះខ្នែងខ្លាំងលើវិស័យជំនួញ ថាអាចនឹងមានអ្នកដែលអាចនឹងប្រឹងឈានដល់ឋានៈនេះទៀតជាក់ជាមិនខាន។

ប៉ុន្តែសម្រាប់ ពាក់មី បានបង្ហាញការយល់ឃើញច្បាស់ហើយថា អ្វីគ្រប់យ៉ាងដែលលោកធ្វើ គឺដើម្បីតែគ្រួសារមួយគត់ ហើយក្ដីសុខរបស់លោកគឺពេលឃើញ ឪពុកម្ដាយទាំងសងខាងមានក្ដីសុខក្នុងពេលវេលាដែលនៅសេសសល់របស់ពួកលោក។ ដោយឡែកងាកមកមើល ផ្ទះសង់ថ្មីដែល នាយ និងភរិយា រួមគ្នាធ្វើជូនម្ដាយឪពុកពេលនេះ ពិតជាស្អាតមិនធម្មតា។

ក្រឡេកភ្លាម ប្រៀបដូចជាគេហដ្ឋានសេដ្ឋីពីសម័យបុរាណ ព្រោះស្រស់ស្អាតឥតខ្ចោះ បូករួមនឹងទំហំធំទូលាយ ពិតជាស្កឹមស្កៃ មិនចាញ់ផ្ទះរបស់ឪពុកម្ដាយរបស់លោកនៅឯខេត្តស្វាយរៀងឡើយ៕

ដកស្រង់ពី៖Sabay