Social Network

ធុងប៉េត្រូ ឆ្លើយតបផាំងៗទៅនឹងការព្រមានរបស់ឧកញ៉ា អ៊ុច សម្បត្ដិ ចុងក្រោយស្រែកយំរកយុត្ដិធម៌

តារាសម្ដែងភេទទី៣ ធុងប៉េត្រូ រក្សាជំហរមិនសុំទោសជាសាធារណៈតាមសំណើររបស់អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ គឺលោកឧកញ៉ា អ៊ុច សម្បត្ដិ ដែលបានដាក់ឱសានុវាទត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ធុងប៉េត្រូ បានសម្រក់ទឹកភ្នែក ហើយស្រែកតាមរយៈការLive របស់ខ្លួនកាលពីយប់មិញថា រូបលោក គឺជាជនរងគ្រោះហេតុដូចម្ដេចបានទៅជាលោកត្រូវសុំទោសទៅវិញ។ នៅក្នុងវីដេអូLive រយៈពេលជិត១ម៉ោង តារារូបនេះ បានដាក់ប្រធានបទថា៖ "តោះ...មកហើយបងប្អូននិយាយរឿងក្រដាសស"។

ប៉េត្រូ រំលឹកថា បន្ទាប់ពីធ្វើការជាមួយក្រុមហ៊ុនគ្រួសារកក់ក្ដៅបាន១ឆ្នាំ រូបលោកក៏ត្រូវភាគីក្រុមហ៊ុនហៅទៅនិយាយរឿងការងារថាធ្វើបានល្អ ហើយឧកញ៉ា អ៊ុច សម្បត្ដិ ក៏សន្យាផ្ដល់កុងត្រារយៈពេល១ឆ្នាំទៀត ប៉ុន្ដែកុងត្រានោះ គឺជាក្រដាសស ពុំមានអក្សរ ឬស្មាមមេដៃឡើយ ហើយឧកញ៉ាជំរុញឲ្យបង្ហោះឯកសារកុងត្រាដែលជាក្រដាសទទេនោះសិន។

ធុងប៉េត្រូ៖ “បើគាត់(ភាគីក្រុមហ៊ុន) មិនទម្លាក់ការងារ សួរថាយើងធ្វើយ៉ាងម៉េច? ចុះបើយើងថតហើយ យកវីដេអូទៅឲ្យគាត់ ហើយគាត់ថាអត់ពេញចិត្ដ តើខ្ញុំជាតារាដែលមិនសូវមានធនធាននេះ យកលុយពីណាទៅចេញឲ្យតួៗ។ បើខ្ញុំសុំទោស ខ្ញុំក្បត់ឧត្ដមគតិខ្លួនឯង ហើយបងប្អូនក៏លែងជឿខ្ញុំទៀតដែរ ហើយខ្ញុំជាជនរងគ្រោះនិយាយរកខុសត្រូវ ទៅជាខ្ញុំអ្នកខុសវិញ"។

ទាក់ទងបញ្ហានេះលោកឧកញ៉ា អ៊ុច សម្បត្ដិ ដែលជាអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានបញ្ជាក់តាមរយៈSabay កាលពីថ្ងៃទី៥ ខែឧសភា ថាលោកនៅតែប្រកាន់ជំហរថានឹងចាត់វិធានការផ្លូវច្បាប់ទៅលើធុងប៉េត្រូ បើមិនព្រមសុំទោសជាសាធារណៈឲ្យបានមុនថ្ងៃទី១០ ខែឧសភា ទេនោះ ព្រោះលោកយល់ថាការបកស្រាយរបស់តារារូបនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិតិយសលោក និងក្រុមហ៊ុនយ៉ាងខ្លាំង ដោយលោកថា បើគ្រាន់តែតារាតូចតាចម្នាក់មិនមានលុយឲ្យទៅហើយ តើមានអ្នកណាមករកស៊ីជាមួយទៀត។

ធុងប៉េត្រូ បង្ហើបថាលោកពិតជាមានអារម្មណ៍ភ័យក្លាចចំពោះការព្រមានប្ដឹងនេះ ព្រោះលោកជាតារាមិនសូវមានធនធាន ហើយដូចយកពងមាន់ទៅជល់នឹងថ្មដូច្នោះដែរ ប៉ុន្ដែដើម្បីយុត្ដិធម៌សម្រាប់ខ្លួនឯងលោកនៅតែរក្សាជំហរមិនសុំទោសជាសាធារណៈ ហើយសង្ឃឹមថាមហាជនជួយកាត់សេចក្ដី និងផ្ដល់យុត្ដិធម៌ចំពោះរឿងនេះ៕

ដកស្រង់ពី៖Sabay