Social Network

ឡាន​ថ្មីៗ​ឥឡូវសុទ្ធតែមានមុខងារ Blind-spot! វា​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​មែនអត់?

រថយន្តដែលផលិតនាពេលបច្ចុប្បន្ននេះ គឺស្ទើតែគ្រប់ប្រភេទហើយដែលមានមុខងារ Blind-spot ដោយគេចាត់ទុកវាជាប្រព័ន្ធសុវត្ថិភាពស្តង់ដាមួយ ក្នុងចំណោមប្រព័ន្ធសុវត្ថិភាពនានា។

Blind-spot ជាមុខងារមួយដែលផ្តល់សញ្ញានៅតាមកញ្ចក់ចំហៀង ឱ្យអ្នកបើកបរបានដឹង នៅពេលមានយានយន្តណាមួយមកជិតរថយន្តរបស់អ្នកដែលអ្នកមិនអាចមើលឃើញ ដើម្បីឱ្យអ្នកបានដឹងនិងបង្កើនការប្រុងប្រយ័ត្ន។ យោងតាមការស្រាវជ្រាវពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិក បង្ហាញថា រាល់គ្រោះថ្នាក់រថយន្តចំនួន ១០ករណី គឺក្នុងនោះមាន១ករណី ដែលកើតឡើងដោយសារតែអ្នកបើកបរ ផ្លាស់ប្តូរប្តូរគន្លងដោយខ្វះការប្រុងប្រយ័ត្ន។

ដូច្នេះហើយ រថយន្តទាំងអស់ដែលមានមុខងារ Blind-spot គឺមានសុវត្ថិភាពខ្ពស់នៅត្រង់ចំណុចនេះ ពោលគឺអ្នកបើកបរ បានត្រៀមការប្រុងប្រយ័ត្នហើយស្រេច។ តើមុខងារនេះវាដំណើរការយ៉ាងដូចម្តេច? នៅពេលមានអ្វីមួយមកតំបន់ Blind-spot របស់អ្នក ពេលនោះកាមេរ៉ាដែលបំពាក់នៅលើកាង ឬចំហៀងរថយន្ត វានឹងអង្កេតដឹងហើយផ្តល់សញ្ញាដាស់តឿនដល់អ្នកតាមរយៈ កញ្ចក់សងខាងរថយន្តដោយវានឹងបញ្ចេញពន្លឺ លោតភ្លើងក្រហមឬលឿង ព្រមជាមួយគ្នានោះក៏នឹងមានសំឡេងរោទិ៍ទឺតៗផងដែរ។ មិនតែប៉ុណ្ណោះ ប្រសិនបើរថយន្តរបស់អ្នកបំពាក់ប្រព័ន្ធពេញលេញទៀតនោះ វាថែមទាំងជួយទប់ចង្កូតរថយន្តអូតូមិនឱ្យរេទៀតផង។

ជាលទ្ធផល បច្ចេកវិទ្យានេះពិតជាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ យោងតាមស្ថិតិមួយចេញផ្សាយដោយវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) បានរកឃើញថា មុខងារ Blind-spot បានជួយកាត់បន្ថយគ្រោះថ្នាក់ដោយការផ្លាស់ប្តូរគន្លង រហូតដល់ ១៤% និងកាត់បន្ថយការរងរបួសដល់ ២៣%។

តែយ៉ាងណាក្តី ដើម្បីចៀសវាងកុំឱ្យមានកំហុសឆ្គងនៃមុខងារ Blind-spot នេះ គឺអ្នកប្រើប្រាស់គួរតែឧស្សាហ៍ពិនិត្យមើលកាមេរ៉ា ឬ សេនស័រ ដើម្បីសម្អាត កុំឱ្យមានជាប់ធូលីដីផ្សេងៗ។ មួយវិញទៀត បច្ចេកវិទ្យាអាចនឹង error នៅពេលណាមួយ ដែលអ្នកមិនអាចពឹងពាក់វាទាំងស្រុងឡើយ ពោលគឺត្រូវចេះមើលស្ថានភាពផ្លូវដោយខ្លួនឯងថែមទៀតផងដែរ៕

ដកស្រង់ពិ៖sabay