Social Network

ស្រីមុំ តបផាំងៗចំពោះអ្នកថា នាងចូលចិត្តត្រាប់ Chompoo និងធ្វើបុណ្យមុខកាមេរ៉ា

គង់ ចាន់ស្រីមុំ ត្រូវបានគេស្គាល់ថា ជាតារាស្រីដែលមានជីវិតហាយសូ ក្រោយប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ និងមានកេរ្តិ៍ឈ្មោះខ្លាំងប្រចាំប្រទេសកម្ពុជា។

ទោះជាយ៉ាងណា ស្របពេលមានជីវិតថ្កុំថ្កើង និងមានភាពល្បីល្បាញ ក៏ដូចជាទទួលបានក្ដីស្រឡាញ់ខ្លាំងបែបនេះ ស្រីមុំ ក៏ត្រូវបានរងនូវមតិរិះគន់ខ្លះដែរ។ មានរឿងច្រើន ដែលកន្លងមក Hater ឬមហាជនមួយចំនួន លើកពីការមិនពេញចិត្តមកលើនាង ប៉ុន្តែតារាស្រីរូបនេះមិនដែលតបនោះទេ ទើបតែពេលនេះនាងបានបកស្រាយទាំងអស់។ និយាយក្នុងវីដេអូ Live នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គង់ ចាន់ស្រីមុំ បានលើកឡើងនិយាយពីរឿងរបស់ ផេនខេក ដែលទើបរើឥវ៉ាន់ចូលក្នុងផ្ទះថ្មី ដែលនាងសម្រេចឲ្យស្នាក់ជាបណ្ដោះអាសន្នសិន ទម្រាំមានលទ្ធភាពរកផ្ទះនៅដោយខ្លួនឯង។

និយាយៗក៏ចូលដល់រឿងអ្នករិះគន់មួយចំនួន ចំពោះនាងកន្លងមក ដែលលើកឡើងថា ស្រីមុំ ចូលចិត្តធ្វើនេះ ធ្វើនោះ តាមតារាថៃ Chompoo Araya។ ជាឧទាហរណ៍ដូចជាកាលពីរដូវចូលឆ្នាំ នាងបានបង្រៀនកូនឲ្យចេះប្រណិបតន៍ឪពុកម្ដាយ ដោយលាងជើង យ៉ាងសុភាពរាបសារ។ ទង្វើនេះធ្វើឲ្យមនុស្សមួយចំនួនគិតដល់ Chompoo Araya ដែលធ្លាប់ឲ្យកូនៗធ្វើទង្វើបែបនេះដែរ។

តបទៅនឹងមតិលើកឡើងនេះ ស្រីមុំ បាននិយាយថា ខ្លួនមិនបានទៅ ត្រាប់ពីអ្នកណានោះទេ ពោល នេះគឺជាទំនៀមទម្លាប់ ដែលប្រជាជនកម្ពុជាធ្វើតាំងពីដើមមក ហើយជនជាតិយើងក៏មានដល់ថ្នាក់ធ្វើបល្ល័ង្កជូនឪពុកម្ដាយ ដែលមានអាយុ ៦០ឆ្នាំឡើងទៅ និងលាងជើង ក៏ដូចជាស្រង់ទឹកជូនទៀត។ ដូច្នេះនាងមិនទទួលឡើយ ពាក្យថា Copy គ្រប់យ៉ាងពីតារាស្រុកគេ។

ចូលដល់ចំណុចមួយទៀតនោះគឺ ការធ្វើបុណ្យ ចែកទាន តែនៅពីមុខកាមេរ៉ា ស្រីមុំ តបក្នុងន័យ មិនភ្លេចអរគុណដល់សប្បុរសជនទាំងឡាយដែលតែងជួយដល់ទុរគតជន ជាឧទាហរណ៍ដូចជាលោកស្រី ទ្រី ដាណា និង អ្នកនាង ស្រីអូនសម្រស់ធម្មជាតិ ជាដើម។ អ្នកនាងបន្តថា៖ «ត្រូវគិតឡើងវិញ ថា អត់មានកាមេរ៉ាហ្នឹងយើងអត់មានអីហូបទេណា៎ ត្រូវអរគុណកាមេរ៉ារបស់គាត់ និងអរគុណទឹកចិត្តរបស់គាត់ បើសិនជាគាត់មិនចេញចែកអំណោយ និងថតវីដេអូឲ្យអ្នកទាំងអស់គ្នាបានឃើញ តើមានមនុស្សប៉ុន្មាននាក់នឹងធ្វើអំពើល្អបែបនេះដូចគាត់?» ទាំងនេះគឺជាអ្វីដែល ពិធីការិនីហាយសូរូបនេះបានលើកឡើង ហើយក៏បានស្រាយបញ្ជាក់នូវអ្វីដែលខ្លួនចង់និយាយតបនឹងមតិរិះគន់ទាំងឡាយ ដែលលើកឡើងព្រាតចំពោះរូបនាងនាពេលកន្លងមកឲ្យបានច្បាស់។

ដូច្នេះពីពេលនេះទៅ ស្រីមុំនឹងធ្វើអ្វីដែលខ្លួនចង់ធ្វើ និងឈប់ខ្វល់ពីមតិលើកឡើងយ៉ាងណាហើយ ព្រោះអ្វីដែលនាងធ្វើមិនបានធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់ឡើយ ម្យ៉ាងនេះក៏ជាជីវិតនាងដែរ៕

 

 

ដកស្រង់ពី៖ Sabay