Social Network

ស្រី​ស្អាត​មួយ​ដួង​ឆ្លើយ​តប​អ្នក​រិះគន់ រឿង​ជំនួស​តំណែង Miss Global Cambodia

រាជធានីភ្នំពេញ ៖ កញ្ញាឯកលំដាប់រងទី២ Miss Grand Cambodia អែម គុនថង បានធ្វើការឆ្លើយតបភ្លាមៗទៅកាន់មហាជនមួយចំនួនដែលបានរិះគន់ និងចោទប្រកាន់មកលើរូបនាងថា «នាងប៉ែងជើងបេក្ខភាពលំដាប់ទីមួយ សម្រាប់តំណាងកម្ពុជា ក្នុងការចូលរួមកម្មវិធី Miss Global» ។

អែម គុនថង បានចាត់ទុកការចោទប្រកាន់ខាងលើនេះថា ជារឿងមួយមិនត្រឹមត្រូវសម្រាប់នាងនោះឡើយ ត្បិតនាងជាបេក្ខបវរកញ្ញាមួយរូប គឺធ្វើអ្វីតាមក្រុមហ៊ុន ខណៈពេលនាងក៏មិនបានទៅជំនួសតំណែងអ្នកណាម្នាក់ឡើយ។ អែម គុនថង បានលើកឡើងតាមរយៈសារដែលបានបង្ហោះតាមបណ្តាញសង្គមថា ខ្ញុំសូមមិននិយាយអ្វីច្រើនទេ ចំពោះរឿងរបស់ miss global Cambodia 2021 មិនបានចូលរួមប្រកួត។

សូមបញ្ជាក់ម្ដងទៀត ហើយក៏ជាលើកចុងក្រោយ នាងខ្ញុំ អែម គុនថង មិនបានទៅជំនួសតំណែងនរណាម្នាក់ឡើយ ក្នុងនាមនាងខ្ញុំជាបវរកញ្ញាមួយរូប នាងខ្ញុំត្រូវបំពេញភារកិច្ចតាមអ្វីដែលក្រុមហ៊ុនអោយមកនាងខ្ញុំ សូមឈប់ប្រើពាក្យថា «miss global Cambodia 2021» មិនបានចូលរួមប្រកួត ដោយសារតែរូបនាងខ្ញុំទៀតទៅ ព្រោះនាងខ្ញុំហើយនឹងគាត់ចូលរួមប្រកួតឆ្នាំខុសគ្នា 2021 ផ្សេង 2022 ផ្សេង សូមបែងចែកអោយដាដាច។ បញ្ជាក់បន្ថែមលើអ្វីដែលបានបង្ហោះខាងលើនេះ អេម គុនថង ក៏បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ដោយសារបេក្ខ Miss Global Cambodia 2021ខកខានមិនបានទៅប្រកួត ហើយឆ្នាំនេះត្រូវបានជំនួសដោយរូបនាងវិញ ហេតុនេះបានធ្វើអោយមានមហាជនខ្លះបានរិះគន់មកលើរូបនាង ហើយចោទនាងថា ព្រោះតែនាង ទើបបេក្ខភាពដំបូងមិនបានចូលរួម។

នាងបញ្ជាក់ថា តាមពិតបេក្ខភាពដំបូង គឺគាត់តំណាងអោយឆ្នាំ២០២១ ចំណែកនាងតំណាងឆ្នាំ២០២២ ពោលគឺឆ្នាំខុសគ្នា ហេតុនេះការចូលរួមឆ្នាំនេះ គឺមិនមែនជំនួសអ្នកណាម្នាក់ឡើយ។ យ៉ាងណា អែម គុនថង បានលើកឡើងថា ចំពោះការអាក់ខានមិនចូលរួមប្រកួតពីបេក្ខភាពឆ្នាំ២០២១នោះ រូបនាងក៏មិនបានដឹងរឿងច្បាស់ដែរ ខណៈពេលស្ថាប័នគ្រប់គ្រងក៏មិនបានបញ្ជាក់ពីមូលហេតុនេះដួចគ្នា។

ដោយឡែកពាក់ព័ន្ធការត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី Miss Global នាពេលនេះ អែម គុនថង អះអាងថា នាងបានត្រៀមខ្លួនរួចរាល់ ហើយនាងក៏មានការជឿជាក់លើការប្រកួតនេះដែរ ព្រោះកន្លងមក បេក្ខភាពតំណាងកម្ពុជា ដែលបានចូលរួមនោះ ក៏អាចឈានដល់វគ្គTop 10 ផងដែរ។ ជាការកត់សម្គាល់ កម្មវិធីប្រឡង Miss Global នឹងរៀបចំធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈពេល អែម គុនថង នឹងចេញដំណើរនៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះហើយ៕

ដកស្រង់ពី៖ កោះសន្ដិភាព