Social Network

ថាងចេង ឈប់លេងរឿង មកបែកគំនិតលក់អនឡាញ និងសោយសុខលើលុយរាប់លានដុល្លារ

តួសង្ឃ ថាងចេង ជំនាន់ឆ្នាំ ១៩៨៦ គឺលោក Chi Zhongrui បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ តាំងពីពេលដែលបានចេញមុខសម្ដែងក្នុងរឿង «ដំណើរផ្សងព្រេងទៅទិសខាងលិច»។

គួរឲ្យស្ដាយ លោកបានចាកចេញពីពិភពសិល្បៈតាំងពីឆ្នាំ ១៩៩២ ដោយចំណាយពេលប្រកបការងារជាមួយនឹងគ្រួសារ។ ទោះបី លោក Chi មានមុខមាត់ធំ និងជោគជ័យក្នុងអាជីពសិល្បៈខ្លាំងយ៉ាងណា តែលោកសម្រេចដកខ្លួនចេញ ក្រោយរៀបការជាមួយនឹងសេដ្ឋីនីដែលជាអ្នកជំនួញម្នាក់មានឈ្មោះថា Chen Lihua កាលពីឆ្នាំ ១៩៩០។

ជាការពិត ពេលរៀបការហើយ គូស្វាមីភរិយាមួយគូនេះ បានប្រឈមនឹងពាក្យអេចអូចច្រើន ហើយក៏តែងត្រូវបានមហាជនលើកធ្វើជាប្រធានបទច្រើនដងដែរ។ ឯមូលហេតុនោះគឺដោយសារ ភរិយាលោក មានវ័យចាស់ជាងលោក ១១ឆ្នាំ ស្របពេលលោកស្រីក៏ជាសេដ្ឋីនីប្រាក់វាល់លានដែរ។ ពាក្យរិះគន់ច្រើនយ៉ាងណាក៏លោក Chi មិនបានខ្វល់ មានតែប្រឹងប្រែងថែគ្រួសារ និងកូនរបស់ប្រពន្ធបានយ៉ាងល្អ។ ម្យ៉ាងលោកក៏បានជួយប្រពន្ធ ក្នុងអាជីពជំនួញនេះដែរ។ ងាកទៅភរិយាវិញ ដឹងច្បាស់ថាប្ដីរបស់ខ្លួនស្រឡាញ់ ឈើចន្ទន៍ក្រស្នាក្រហម ទើបលោកស្រីសម្រេចបើកសារមន្ទីរ និងរៀបចំផលិតផលដែលធ្វើពីប្រភេទឈើមានតម្លៃមួយនេះទៀតផង។

អរគុណឥទ្ធិពលស្នេហាជាង ៣០នេះ ក្រោយរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធ ពួកគេមិនមានកូនជាមួយគ្នាទេ ប៉ុន្តែពួកគេគោរព និងផ្ដល់ក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង។ រឿងដែលគួរសរសើរមួយទៀត បើទោះបីគេងនៅលើគំនរលុយរាប់លានដុល្លារ ប៉ុន្តែលោក Chi Zhongrui នៅតែរកមធ្យោបាយ បង្កើនចំណូលជាបន្តបន្ទាប់។ ដូចថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញលោកអង្គុយលក់អនឡាញ (របរដែលពេញនិយមបំផុតនៅចិន) ឯផលិតផលដែលលោកយកមកលក់គឺ អង្កាំឈើសុទ្ធ។

ប៉ុន្តែអ្វីដែលគ្រប់គ្នាទើសចិត្ត គឺ លោកមក Live លក់ពេលនេះ ដូចតោង Background ថាងចេង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ រហូតគ្រប់គ្នានាំគ្នា លើកឡើងបែបលេងសើច ថាសង្ឃថាងចេញលក់អនឡាញ។ យ៉ាងណាក្ដី នេះមិនមែនជាលើកទី ១ នោះទេ សម្រាប់លោក Chi ដែលលក់អនឡាញ ព្រោះកន្លងមក លោកក៏ធ្លាប់លើកបង្ហាញផលិតផលជាច្រើនមានតាំងពី ផលិតផលថែសម្រស់ ជាដើម៕

 

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ Sabay