Social Network

សពជីដូនរបស់ ព្រះនាងតូច នរោត្តម ជេនណា នឹងត្រូវបូជានៅចុងសប្ដាហ៍នេះ

សពអ្នកម្នាង ឌួង ឌីយ៉ាត ដែលត្រូវជាជីដូនបង្កើតរបស់ ព្រះនាងតូច នរោត្តម ជេនណា នឹងត្រូវបូជានៅថ្ងៃទី ១៤ ខែឧសភា ក្រោយទទួលមរណភាពកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ នៅក្នុងទីក្រុងបាងកកប្រទេសថៃ។

ឈានចូលម៉ោង ១១យប់ ថ្ងៃដដែល សពរបស់អ្នកម្នាង ក៏បានមកដល់វត្តបុទុមវត្តី ដើម្បីតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាន តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនាផងដែរ។ ជាក់ស្ដែង ឈានចូលថ្ងៃទី១២ ខែឧសភា ព្រះនាងតូច នរោត្តម ជេនណា ក៏បានទូលថ្វាយ និងជម្រាបជូនដំណឹង តាមទំព័រហ្វេសប៊ុកផ្លូវការថា៖ «ពិធីបុណ្យសពជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត កំពុងប្រារព្ធធ្វេីបុណ្យតាមគន្លងព្រះពុទ្ធសានា នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។

ពិធីបូជាសពជីដូនខ្ញុំ និងធ្វេីឡេីងនៅម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នាបរិវេណវត្តបុទុមវត្តី។ សូមសម្ដេច ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកម្នាង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលស្រឡាញ់រាប់អានជីដូនខ្ញុំ សូមយាង និង អញ្ជេីញចូលរួមជាការជូនដំណេីរជាកិច្ចចុងក្រោយ។

ជាមួយគ្នា ពុកម៉ែបងប្អូនជិតឆ្ងាយដែលគាំទ្រ និងស្រឡាញ់ខ្ញុំ ចង់មកចូលរួមគោរពសពជីដូនខ្ញុំ ក៏អាចចូលរួមបានដោយមេត្រីភាព។ សូមអរព្រះគុណ និងសូមអរគុណ»។ អ្នកម្នាង ឌួង ឌីយ៉ាត គឺជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ និងត្រូវជាអ្នកម្នាងរបស់ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ព្រមទាំងជាមាតារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុប្ផារី មាតានៃអ្នកអង្គម្ចាស់ នរោត្តម ជេនណា។ អ្នកម្នាង បានទទួលមរណភាព នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ វេលាម៉ោង ១១:៣៩នាទីព្រឹក ក្នុងមន្ទីរពេទ្យមួយ នៃក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ៕

ដកស្រង់ពី៖ Sabay