Social Network

អរហួសថ្លែង! Girls’ Generation បញ្ជាក់ពេល​កំណត់​វិលមកវិញជាផ្លូវការជាមួយសមាជិកទាំងអស់

Girls’ Generation បានទទួលស្គាល់ និងបញ្ជាក់ហើយថា ក្រុមនឹងចេញអាល់ប៊ុមថ្មីនៅក្នុងខែសីហា ដើម្បីអបអរខួបគម្រប់ ១៥ឆ្នាំ នៃការចេញមុខជាផ្លូវការរបស់ពួកគេ។

ផ្អែកតាមសេចក្ដីប្រកាសរបស់ផលិតកម្ម SM ទៅកាន់វិបសាយ Newsen បានឲ្យដឹងថា Girls’ Generation នឹងត្រឡប់មកវិញ ក្រោយបាត់មុខរយៈពេលដ៏យូរ គឺនៅខែសីហា ខាងមុខ ដើម្បីអបអរ គម្រប់ខួប ១៥ ឆ្នាំនៃការចូលសិល្បៈរបស់ពួកគេ។

នេះមានសេចក្ដីថា វាជាការបង្ហាញអាល់ប៊ុមដំបូង ក្រោយក្រុមស្ងាត់ចេញបទរួមគ្នារយៈពេល ៥ឆ្នាំ គឺចាប់តាំងពីពួកគេចេញអាល់ប៊ុម "Holiday Night” កាលពីខែសីហា ឆ្នាំ២០១៧។ ពេលវេលាមួយនេះក៏កាន់តែមានន័យអស្ចារ្យ សម្រាប់អ្នកគាំទ្រ ស្របបពេលសមាជិកក្រុមទាំង ៨នាក់នឹងវិលជុំគ្នា។

គិតចាប់ពីឆ្នាំ ២០១៧ សមាជិក ៣ នាក់បានចាកចេញពីផលិតកម្ម SM ហើយសមាជិកម្នាក់ៗបានដើរទៅតាមផ្លូវរៀងៗខ្លួន ក្នុងអាជីពសិល្បៈ មានតាំងពីការច្រៀង រាំ សម្ដែង ទៅតាមទេពកោសល្យ។

ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែរក្សាទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកជានិច្ច។ អ្វីដែលពួកគេសង្ឃឹមនោះ គឺឱកាសវិលជុំគ្នាក្នុងថ្ងៃណាមួយ តបតាមការចង់បានរបស់អ្នកគាំទ្រផង៕

ដកស្រង់ពី៖Sabay