Social Network

មូលហេតុចម្បងធ្វើឱ្យរឿង Gangubai kathiawadi ល្បីខ្លាំងមានអ្នកមើលពេញពិភពលោក

មួយរយៈចុងក្រោយនេះសន្ទុះអ្នកតាមដានទស្សនាខ្សែភាពយន្ដខ្នាតធំរបស់ ឥណ្ឌា គឺរឿង Gangubai kathiawadi មានការកើនឡើងជាលំដាប់ ហើយផ្អែកទៅលើសម្ដីអ្នកបានទស្សនាថារឿងនេះពិតជាជក់ចិត្តខ្លាំងបំផុត ដែលបានសម្ដែងចេញពីរឿងពិតស្ត្រីឥណ្ឌាម្នាក់រកស៊ីផ្លូវភេទដើម្បីសុខុមាលភាពកុមារកំព្រា។

Gangubai kathiawadi ត្រូវបានចាក់ផ្សាយផ្ដាច់មុខនៅលើ Netflix ដែលមានទស្សនិកជនជាច្រើន ប្រទេសកំពុងសម្រុកទស្សនារឿងល្អឯកមួយនេះ។ បច្ចុប្បន្ន Gangubai kathiawadi បានវាយទីផ្សារអាស៊ីក្នុងរួមមានប្រទេសថៃ និងប្រទេសកម្ពុជា លើសពីនេះសិល្បការិនីថៃជាច្រើនដួងបាននាំគ្នាតុបតែងខ្លួន ដូចទៅនឹងតួអង្គក្នុងរឿងនេះ។

ក្នុងនោះតារាកម្ពុជាមានដូចជា គង់ ច័ន្ទស្រីមុំ និងអ្នកនាង ខាត់ សុឃីម ក៏កំពុងតាមដានទស្សនាដាច់បាយដាច់ទឹកផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញមានអ្នកតាមដានទស្សនាជាច្រើនប្រទេសថ្ងៃនេះ Sabay សូមធ្វើការបើកកកាយជាមួយមូលហេតុចម្បងធ្វើឱ្យ Gangubai kathiawadi ផ្ទុះខ្លាំងមានអ្នកសម្រុកមើលច្រើនលើ Netflix។

ជាការពិតណាស់ Gangubai kathiawadi ត្រូវបានដឹកនាំផលិតដោយ Sanjay Leela Bhansali និងផលិតដោយ Jayantilal Gada និងលោក Bhansali។ Gangubai Kathiawadi គឺជាខ្សែភាពយន្តរឿងឧក្រិដ្ឋកម្មបែបជីវប្រវត្តិឥណ្ឌា ខ្សែភាពយន្តនេះត្រូវបានផ្អែកលើរឿងពិតរបស់ Gangubai Harjivandas ដែលត្រូវបានគេស្គាល់ថាជា Gangubai Kothewali ដែលជីវិតរបស់អ្នកស្រីត្រូវបានកត់ត្រានៅក្នុងសៀវភៅ Mafia Queens of Mumbai ដែលសរសេរដោយ S. Hussain Zaidi។

Gangubai Kothewali ឬ Gangubai Kathiawadi គឺជាសកម្មជនសង្គមឥណ្ឌា ស្ត្រីពេស្យា និងស្ត្រីមេផ្ទះបនដ៏ល្បីនៅតំបន់ Kamathipura នៃទីក្រុងបុមបៃ ក្នុងកំឡុងឆ្នាំ ១៩៦០។ Gangubai បានធ្វើការងារជាច្រើនសម្រាប់អ្នករកស៊ីផ្លូវភេទ និងដើម្បីសុខុមាលភាពកុមារកំព្រា។ Gangubai Kathiawadi ល្បីល្បាញដោយសារចលនាឆ្ពោះទៅរកភាពប្រសើរឡើងនៃអ្នករកស៊ីផ្លូវភេទ និងកុមារកំព្រា។

សម្រាប់នៅក្នុងខ្សែភាពយន្ដដែលទើបចេញផ្សាយក្នុងឆ្នាំ២០២២នេះ បាននិយាយជីវិតស្រ្តីម្នាក់ ត្រូវបានប្តីលក់ទៅឱ្យម្ចាស់ផ្ទះបនក្នុងក្រុង Kamathipura ក្នុងតម្លៃ ៥០០ រូពី។ នៅទីនេះ នាងបានឡើងកាន់អំណាចបន្តិចម្តងៗនៅពេលដែលនាងចាប់ផ្តើមសម្របខ្លួនធ្វើការក្នុងផ្ទះបន។

Kathiawadi បានប្រើអំណាច និងឥទ្ធិពលរបស់នាង ដើម្បីប្រយុទ្ធដើម្បីសិទ្ធិអ្នករកស៊ីផ្លូវភេទ និងលើកតម្កើន អ្នករកស៊ីផ្លូវភេទ៕

ដកស្រង់ពី៖Sabay