Social Network

សុខចិត្តខាំមាត់សង្កត់ចិត្ត ក៏ HYBE មិនព្រមដក Kim Garam ចេញពី LE SSERAFIM ដែរ

បន្ទាប់ពីផ្ទុះព័ត៌មាននៃការ Bully (មើលងាយ ប្រើចរិតមិនល្អ) កាលពីនៅរៀនរបស់ Kim Garam ដូច្នេះក៏មានការជជែកដេញដោលគ្នា ពេញបណ្ដាញសង្គមថា តើតារាចំណូលថ្មីរូបនេះ អាចនឹងត្រូវដកចេញពីក្រុម LE SSERAFIM ដែរឬទេ?

Source Music បានប្រកាសថា Kim Garam នឹងសម្រាកបណ្ដោះអាសន្នសិន បន្ទាប់ពីមានការអះអាងពី តំណាងស្របច្បាប់ របស់បុគ្គលដែលជាជនរងគ្រោះ។ ទោះជាយ៉ាងណាក៏ដោយ មានការចោទប្រកាន់កាន់តែច្រើនឡើងៗ ប្រឆាំងតបចំពោះ Kim Garam ទាំងដែលក្រុមហ៊ុនដែលជាអាណាព្យាបាល ប្រកាសថា នាង នឹងផ្អាកសកម្មភាពលើសិល្បៈបណ្ដោះអាសន្នសិនក៏ដោយ។

ជាក់ស្ដែង អ្នកនិយមលេងបណ្ដាញសង្គមកាន់តែច្រើនឡើង ដែលសុទ្ធតែអះអាងថាជាជនរងគ្រោះដោយសារ ការ Bully របស់ Kim Garam ហើយអ្នកគាំទ្រ LE SSERAFIM ជាច្រើននាក់ កំពុងស្នើសុំឲ្យ ក្រុមហ៊ុនដក Kim Garam ចេញពីក្រុមតែម្ដងទៅ។ នៅលើ Weverse របស់ LE SSERAFIM ដែលមានអ្នកគាំទ្រជិត ២៨០ ០០០ នាក់បានចុះឈ្មោះ ដោយបង្ហាញចេតនា ចង់ឲ្យក្រុមនេះចេញមុខតែជាមួយសមាជិក ៥នាក់ បានហើយ។

ក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុន HYBE ត្រូវប្រឈមនឹងករណីដ៏ស្មុគស្មាញមួយទៀតក្នុងការដោះស្រាយ ដើម្បីធ្វើឲ្យ Fan ត្រជាក់ចិត្ត ព្រោះក្នុងកិច្ចសន្យា នាមជាអ្នកគ្រប់គ្រង ត្រូវមានកាតព្វកិច្ចដោះស្រាយ និងការពារតារាៗ ប្រសិនបើមានបញ្ហា។ ជាងនេះទៅទៀត Kim Garam ទើបស្ថិតនៅជាអនីតិជននៅឡើយ ដូច្នេះត្រូវការវិធីសាស្រ្តប្រុងប្រយ័ត្នបន្ថែមទៀត។

នៅទីបញ្ចប់ HYBE នៅតែគ្មានជម្រើសច្រើន ក្រៅពីរង់ចាំ រឿងរ៉ាវចម្រូងចម្រាសនេះ ស្ងប់ទៅវិញដោយឯកឯង។ យោងតាមប្រភពគួរទុកចិត្តចេញពី ពិភព K-Pop នេះ បានឲ្យដឹងថា HYBE មិនបានពិចារណា ក្នុងការជំនួស ឬដកសមាជិកចេញពី LE SSERAFIM ទេ ហើយក៏មិនពិចារណា ថាត្រូវសម្រេចឲ្យក្រុមនេះ ដើរទៅមុខជាមួយនឹងសមាជិក ៥នាក់ ដែរ៕

ដកស្រង់ពី៖Sabay