Social Network

ពេជ្រ សោភា បង្ហាញការឈឺចាប់របស់ម្ដាយក្នុងថ្ងៃខួបកំណើតរបស់ខ្លួន

តារាចម្រៀងស្រីវ័យជ្រេ ពេជ្រ សោភា នឹងដល់ថ្ងៃខួបកំណើតថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

អ្នកនាង បានបង្ហាញអារម្មណ៍ឈឺចាប់របស់ខ្លួនចំពោះម្ដាយដែលបានបង្កើតនាងមកយ៉ាងលំបាក ដើម្បីឲ្យនាងមានឱកាសបានឃើញពិភពលោកដ៏ស្រស់ស្អាត និងមានថ្ងៃនេះក៏ដោយសារតែម្ដាយ។ ពេជ្រ សោភា បានបង្ហោះរូបថតម្ដាយជាមួយនិងកូន ព្រមទាំងរូបនាងផងដោយភ្ជាប់សំណេរខ្លីមួយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ខែមិថុនា ថា ម៉ែថ្ងៃនេះ ខែនេះ កាលពី៣៨ឆ្នាំមុន ម៉ែកំពុងតែពិបាកគេងណាស់ ព្រោះពេលនោះនៅសល់ត្រឹម៩ថ្ងៃទៀតម៉ែបានឲ្យកូនមានដង្ហើមរស់លើផែនដីនេះ។

សោភា តែងទុកថ្ងៃកំណើតនាងជាថ្ងៃដែលម្ដាយឈឺចាប់បំផុត។ តាមរយៈរូបថតជាច្រើនសន្លឹកដែលបញ្ចេញដោយ ពេជ្រ សោភា នៅថ្ងៃនេះបង្ហាញថា រូបនាង និងបងប្អូនបានជូនបាច់ផ្កាដ៏ស្រស់ស្អាត និងថវិកាជូនម្ដាយទៀតផង។ បន្ទាប់ពីបញ្ចេញសំណេរដ៏កក់ក្ដៅនេះ មានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះ បង្ហាញការកោតសរសើរចំពោះភាពកតញូរបស់នាងចំពោះម្ដាយ ដោយពួកគេគិតថា សកម្មភាពរបស់ ពេជ្រ សោភា និងបងប្អូន អាចជាគំរូល្អសម្រាប់កូនៗគ្រប់រូបធ្វើចំពោះម្ដាយក្នុងថ្ងៃខួបកំណើត៕

ដកស្រង់ពី៖  Sabay