Y2K Scare គឺជាប្រវត្តិសាស្ត្រគួរឲ្យខ្លាចមួយ ដែលកើតឡើងពីការព្រួយបារម្មណ៍រវាងអ្នកប្រើប្រាស់កុំព្យូទ័រ និងអ្នកសរសេរកម្មវិធីកុំព្យូទ័រ ទៅលើបញ្ហាដែលកុំព្យូទ័រទាំងអស់លើលោក នឹងឈប់ដំណើរការទាំងអស់ នៅយប់ឆ្នាំ ១៩៩៩ ឆ្លងចូលឆ្នាំ ២០០០។
កាលពីមុនឆ្នាំ ២០០០ កុំព្យូទ័រគឺមានតម្លៃថ្លៃ ក៏ដូចគ្នាជាមួយនឹងអង្គផ្ទុកទិន្នន័យផងដែរ ដោយកាលអំឡុងឆ្នាំ ១៩៦០ អ្នកប្រើកុំព្យូទ័រត្រូវចំណាយ ១០០ដុល្លារ សម្រាប់ទំហំផ្ទុក ១គីឡូបៃ។
ដោយសារតែតម្លៃថ្លៃនេះហើយ អ្នកសរសេរកូដកម្មវិធីកុំព្យូទ័រតែងរកមធ្យោបាយដើម្បីសន្សំសំចៃទំហំផ្ទុក ហើយជាក់ស្តែងពួកគេបានកាត់បន្ថយចំនួនតួអក្សរដែលមិនចាំបាច់ចោលមួយចំនួន ដូចជាលេខតំណាងឲ្យឆ្នាំ គឺត្រូវបានសរសេរតែ ពីរ ខ្ទង់ចុងក្រោយប៉ុណ្ណោះ។ ការធ្វើបែបនេះ មិនមែនត្រឹមតែមូលហេតុសន្សំចំចៃប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែជំនាន់នោះគេមិនដែលគិតថាកម្មវិធីដែលកំពុងដំណើរការនោះ អាចធ្វើការឆ្លងសហស្សវត្សរ៍បាននោះឡើយ។
ពេលមួយ ដែលថ្ងៃឆ្លងឆ្នាំជិតមកដល់ អ្នកប្រើប្រាស់កុំព្យូទ័រ និងអ្នកសរសេរកម្មវិធីទើបចាប់អារម្មណ៍ឃើញថា ប្រព័ន្ធនេះនឹងបង្កើតការភ័ណ្ឌច្រឡំ ដោយការរក្សាទុកព័ត៌មានឆ្នាំ ២០០០ នឹងត្រូវសរសេដោយលេខពីរខ្ទង់ ០០ ហើយលេខសូន្យពីរខ្ទង់នេះ នឹងធ្វើឲ្យកុំព្យូទ័រយល់ថានេះជាឆ្នាំ ១៩០០ មិនមែនជាឆ្នាំ ២០០០នោះទេ។
បញ្ហានេះធ្វើឲ្យក្រុមហ៊ុនដែលពឹងផ្អែកខ្លាំងលើកុំព្យូទ័រក្នុងការកត់ត្រាកាលបរិច្ឆេទ ដូចជាធនាគា ក្រុមហ៊ុនធានារាប់រង និងរដ្ឋាភិបាលជាដើម រងផលប៉ះពាល់ដោយសារការគណនានឹងត្រូវធ្វើខុស ចំពោះចំនួនការប្រាក់ និងព័ត៌មានមួយចំនួន។
ដោយឡែកចំពោះព័ត៌មានចចាមអារាម ដែលកើតឡើងពីការព្រួយបារម្ភនោះគឺគេខ្លាចថាប្រព័ន្ធដំណើរការកម្មវិធីក្នុងកុំព្យូទ័រនឹងឈប់ដំណើរការ នៅយប់ឆ្លងចូលឆ្នាំ ២០០០ នេះតែម្តង។ ជាក់ស្តែងនៅយប់នោះ តម្លៃភាគហ៊ុននៃក្រុមហ៊ុនធនាគាត្រូវបានធ្លាក់ចុះ អ្នកជិះយន្តហោះបារម្ភខ្លាចយន្តហោះធ្លាក់ ទន្ទឹមនឹងនោះ រោងចក្រ សហគ្រាស និងរដ្ឋាភិបាលក៏ត្រូវរងផលប៉ះពាល់ដោយសារបញ្ហានេះដែរ។
គួរបញ្ជាក់ផងដែរថាអ្នកសរសរកម្មវិធីកុំព្យូទ័រទាំងអស់ បានកែប្រែប្រព័ន្ធកត់ត្រារបស់ខ្លួន មកប្រើលេខឆ្នាំ ៤ ខ្ទង់វិញម្តង ជាដំណោះស្រាយបន្ទាប់ពីឆ្លងឆ្នាំរួច ដោះស្រាយអស់នូវរាល់បញ្ហាទាំងនោះ៕
ដកស្រង់ពី៖Sabay