Social Network

បច្ចេកវិទ្យា​សម្គាល់​ទំនិញ​សុទ្ធ ពេញ​និយម​ប្រើ​នៅ​អឺរ៉ុប និង​ប្រទេស​ជា​ច្រើន បាន​មក​ដល់​កម្ពុជា

បច្ចេកទេសវិទ្យាថ្មីមួយដែលមានសមត្ថភាពសម្គាល់នូវមុខទំនិញសុទ្ធតាមរយៈការស្កេននៅលើស្ទីកគ័រ ដែលពេញនិយមប្រើនៅអឺរ៉ុប និងបណ្ដាប្រទេសជាច្រើននោះ ឥឡូវនេះបានមកដល់ក្នុងប្រទេសកម្ពុជាដែរ។

“VeChain Pro” គឺជាប្រភេទ Application បច្ចេកវិទ្យាមួយរបស់ប្រទេសសិង្ហបុរី ដែលប្រើមុខងារប្រព័ន្ធគ្រប់គ្រងទិន្នន័យ Blockchain ដែលជាប្រព័ន្ធដ៏មានសុវត្ថិភាព ពោលគឺរាល់ទិន្នន័យដែលត្រូវបានរក្សាទុក គឺមិនអាចលុប ឬកែប្រែឡើយ។

“VeChain Pro” ធ្វើសហប្រតិបត្តិការជាមួយនឹងស្ទីគ័រដែលមានបង្កប់បន្ទះឈីបដើម្បីសម្គាល់មុខទំនិញណាមួយបញ្ជាក់ពីគុណភាពពិត ឬក្លែងក្លាយ និងធានាសុវត្ថិភាព រួមទាំងទំនុកចិត្តសម្រាប់អតិថិជនក្នុងការជាវនូវផលិតផលណាមួយ។ បច្ចេកវិទ្យានេះ បានចូលមកកម្ពុជា តាមរយៈក្រុមហ៊ុន Attwood នឹងត្រូវបានគេហៅថា ATTWOOD BLOCKCHAIN STICKER (ABS)។

តាមលោក លីម សុខ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុននេះ បានឲ្យដឹង បច្ចុប្បន្នបច្ចេកវិទ្យានេះ បាន និងកំពុងពេញនិយមប្រើប្រាស់នៅតាមប្រទេសជាច្រើនដូចជា៖ ចិន ជប៉ុន សិង្ហបុរី អាមេរិក អឺរ៉ុប...និងប្រើប្រាស់ដោយក្រុមហ៊ុនធំៗលំដាប់ពិភពលោកដូចជាក្រុមហ៊ុន BMW, Givenchy, FINDI, និង Walmat ជាដើម។ នៅពេលនេះ “VeChain Pro” បានចូលមកកម្ពុជា តាមរយៈក្រុមហ៊ុនអ៊ែតវូតក្រោមទំហំវិនិយោគដ៏ខ្ពស់។

បច្ចេកវិទ្យានេះ មានដាក់នៅលើផលិតផលស្រាមួយចំនួនរបស់ក្រុមហ៊ុន។ លោក តាន់ សែឆាយ អគ្គនាយក ក្រុមហ៊ុនអ៊ែតវូត បានមានប្រសាសន៍ឲ្យដឹងដែរថា ក្រុមហ៊ុនលោកបានសម្រេចប្រើប្រាស់នៅលើផលិតស្រាជាអាទិភាព ដោយសារនេះជាប្រភេទដែលមានអាត្រាក្លែងបន្លំច្រើននៅលើទីផ្សារ។ ធ្វើបែបនេះ ដើម្បីទប់ស្កាត់ការចរាចរណ៍ផលិតផលក្លែងបន្លំលើទីផ្សារ និងការពារអតិថិជន។

លោកលើកឡើងថា “VeChain Pro” ដែលធ្វើសហប្រតិបត្តិការជាមួយស្ទីគ័រក្រោមប្រព័ន្ធគ្រប់គ្រងទិន្នន័យ Blockchain ជាមួយនឹងប្រសិទ្ធភាពមិនលម្អៀង និងច្បាស់បំផុត ដែលអាចនិយាយបានថា សុវត្ថិភាព ១០០%។

លោកថា អតិថិជនអាចតាមដាន គុណភាពទំនិញ ក៏ដូចជាផលិតផលមួយចំនួនរបស់អ៊ែតវូត តែតាមរយៈទូរស័ព្ទដៃប៉ុណ្ណោះ។ ដូច្នេះហើយ ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះបាន អតិថិជន គ្រាន់តែដោនឡូតកម្មវិធីទូរស័ព្ទដៃ “VeChain Pro” ពី Play Store, App Store តម្លើង រួចប្រើវាដើម្បីផ្ទៀងផ្ទាត់តាមរយៈមុខងារ NFC របស់ទូរស័ព្ទនីមួយៗជាការស្រេច ហើយអតិថិជន នឹងបានត្រឡប់មកវិញនូវទិន្នន័យបញ្ជាក់ពីគុណភាពទំនិញ “ATTWOOD CERTIFIED” យ៉ាងជាក់លាក់។ ក្រៅពីនេះប្រសិនបើមិនចេញលទ្ធផលផ្ទុយពីនេះ គឺជាផលិតផលក្លែងបន្លំ៕

ដកស្រង់ពី៖Sabay