Social Network

ហេតុផល ខាត់ សុឃីម ប្រកាស​លក់​ផ្ទះ​តម្លៃ ៨០ ម៉ឺន​ដុល្លារ

ខាត់ សុឃីម ថ្មីៗនេះបានប្រកាស លក់ផ្ទះនៅម្ដុំ ផ្សារដេប៉ូក្នុងតម្លៃ ៨០ ម៉ឺនដុល្លារ ដើម្បីយកលុយ សង់ខុនដូរ និង ពង្រីកមុខរបរ កាន់តែធំជាងមុនទៀត។

“ត្រូវការលុយយក ទៅធ្វើការបន្ថែម មុខរបរយើងទៅ គឺចង់ធ្វើខុនដូរឡើងខ្ពស់ អត់ចង់ធ្វើ ផ្ទះល្វែងទៀតទេ”។ ខាត់ សុឃីម ប្រាប់មកកាន់ Sabay មុននេះ។ តារាស្រី ពហុជំនាញ ខាងលើបន្ថែមថា នាងមានដីនៅម្ដុំ អូរបែកក្អម តាមបណ្ដោយផ្លូវ ២៧១ សម្រាប់សាង សង់អាគារមានកម្ពស់ ៩ ជាន់តម្លៃប្រហែល ១ លានដុល្លារអាមេរិក ដែលអាចរស់នៅផង និង បង្កើតមុខរបររកស៊ីបានជួបជុំបងប្អូនផង។

ដោយសារតែ មានមុខរបរ ច្រើនដូចជា សំអាងការ ភ្លេង បើកស្ទួឌីយូរថតរូប និង បង្រៀនសិស្សផងនោះ ធ្វើឱ្យមានលក្ខណៈ ចង្អៀតសម្រាប់ ការងាររកស៊ី ទើបសម្រេចប្រើ មធ្យោបាយនេះ ដោយចង់ឃើញ ផែនការទាំងអស់ សម្រេចចេញ ជារូបរាងក្នុងឆ្នាំ ២០១៧ ខាងមុខ។ ខាត់ សុឃីម បញ្ជាក់បន្ថែមថា ការសម្រេចចិត្តបែបនេះ ក៏ដើម្បីគេចចេញ ពីបញ្ហាអាចកើតមាន នៅថ្ងៃក្រោយ។

” ប្រសិនបើខ្ចី លុយធនាគារខ្លាច រត់អត់រួច នៅខែវស្សា ខ្លាចទៅមុខទៀត យើងរកអត់ បានមិនចប់! អញ្ចឹងមានតែ លក់អាហ្នឹងទៅ ធ្វើទៅតាមសមាអាជីវោទៅ”។ ខាត់ សុឃីម បញ្ជាក់។ តារាខាងលើបញ្ជាក់បន្ថែមថា កន្លងមកមាន អ្នកហ៊ានឱ្យក្នុង តម្លៃជាង ៦០ ម៉ឺនដុល្លារហើយ ប៉ុន្តែ នៅមិនទាន់ដល់កម្រិត មួយអាចលក់ បាននៅឡើយ ព្រោះផ្ទះរបស់នាង ស្ថិតនៅកាច់ជ្រុងពីរ ល្វែងជាប់គ្នា ងាយប្រកបអាជីវកម្មផ្សេងៗ។

ប៉ុន្តែប្រសិនបើ មានអ្នកចង់ បានពិតមែននោះ អាចមានការ ចុះថ្លៃខ្លះទៀត អាស្រ័យលើការចរចាគ្នា។ ទោះបីជាយ៉ាងណា កូនច្បងក្នុងគ្រួសារ ខាងលើបន្ថែមទៀតថា មុខរបររបស់នាង ទាំងអស់នៅដំណើរផ្ដល់សេវាកម្ម ដល់អតិថិជន ជាធម្មតាទេ។ ដោយឡែក ការប្រកាសលក់ផ្ទះ នាពេលនេះ ក៏មិនបារម្ភចំពោះ ផលប៉ះពាល់ដល់ ប្រជាប្រិយភាព ឬមុខរបរនោះទេ។ នាងថា ទ្រព្យសម្បត្តិទាំងអស់កើតចេញពី ការខិតខំប្រឹងប្រែង រហូតមកក្នុង អាជីពសិល្បៈ។

ខាត់ សុឃីម មិនចង់ឱ្យមានការ វាយអ្នកសិល្បៈទាំងអស់ ក្នុងកម្រិតទាប ពេកនោះទេ។ តារារូបនេះ បង្ហាញជំហរថា អ្នកសិល្បៈក៏អាច មានសមត្ថភាពស្វែងរក ទ្រព្យសម្បត្តិដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នក ឧបត្ថម្ភឡើយ។ ជាក់ស្ដែង ផ្ទះពីរល្វែង ជាប់គ្នាកំពុង ប្រកាសលក់នេះ ក៏ជាកេរ្តិ៍ដំណែល នៃការខិតខំប្រឹងប្រែង លើវិថីសិល្បៈ  តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ៕

ដកស្រង់ពី៖ sabay