Social Network

មកស្ដាប់ iPhone ចេះសន្ទនាគ្នា ឮហើយ សើច! ហួសចិត្ត! សេដ! លាយឡំគ្នា

អ្នកធ្លាប់ប្រើ iPhone ទាំងអស់គ្នា ដឹងអត់? ទូរសព្ទនេះក៏មានអារម្មណ៍ដែរ វាចេះនិយាយ ចេះឆ្លងឆ្លើយ និងសន្ទនាសាសងគ្នាទៅវិញទៅមកទៀតផង ហើយអ្វីដែលខ្ញុំប្រាប់នេះ វាជាសាច់រឿងខ្លីមួយមានចំណងជើងថា “បេះដូង iPhone” នៅលើគេហទំព័រ ប្រលោមលោក សប្បាយ e-novel ដែលជាស្នាដៃរបស់អ្នកនិពន្ធ ស៊ូ ហាក់ បានចេញផ្សាយកន្លងមក។

បេះដូង iPhone ជាសាច់រឿងមនោសញ្ចេតនា បែបកំប្លុកកំប្លែង ហើយបើអ្នកស្ដាប់រឿងនេះជាសំឡេងទៀតនោះ អ្នកនឹងកាន់តែអស់សំណើចក្នុងទិដ្ឋភាពនៃរឿង ដែលនិយាយពីទូរសព្ទពីរគ្រឿង គឺ iPhone 5 តំណាងឱ្យតួអង្គប្រុស មានម្ចាស់ជាមនុស្សប្រុស និង iPhone 4s តំណាងឱ្យតួអង្គស្រី មានម្ចាស់ជាមនុស្សស្រី។ ក្នុងដំណើរសាច់រឿង អ្នកនឹងបានស្គាល់ពី iPhone 5 មួយគ្រឿងដែលមានចរិតក្រម៉ិចក្រម៉ើម លលាម ដែលម្ចាស់វាយកទូរសព្ទនេះទៅឆាតចែចង់មនុស្សស្រីម្នាក់។

ហើយទូរសព្ទនេះហើយ វានឹងបង្ហាញពីអារម្មណ៍របស់វាទាំងអស់ រៀបរាប់ពីមនុស្សដែលវាបានជួប ទូរសព្ទដែលវាលង់ស្រលាញ់ និងទូរសព្ទផ្សេងៗទៀតនៅសម័យនោះ។ កាន់តែហួសចិត្តថែមទៀត ពេល iPhone 5 នេះ ចេះហែកកេរ្តិ៍ពីម្ចាស់របស់វាពេលមានស្នេហា។ ក្រៅពីនេះក្នុងរឿងក៏មានឈុតកម្សត់លាយឡំគ្នាផងដែរ ប៉ុន្ដែអេដមីនប្រាប់ឱ្យហើយណា បញ្ចប់រឿងគឺ happy ending ទេ។ ដូចនេះ អារម្មណ៍របស់មនុស្សអ្នកស្គាល់ហើយ ប៉ុន្ដែអារម្មណ៍របស់ទូរសព្ទគឺកាន់តែប្លែក និងទាក់ទាញ កុំភ្លេចស្ដាប់ឬអានរឿង បេះដូង iPhone ទាំងអស់គ្នាតាម “តំណលីងមួយនេះ” និងធ្វើតាមការណែនាំ៕

ដកស្រង់ពី៖Sabay