Social Network

Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស

ក្រុមហ៊ុន Toyota បានបង្ហាញពី រថយន្ត Prius C ឆ្នាំ២០១៦ បន្ទាប់ពីបាន ប្រកាសពីរថយន្ត Prius ស៊េរី២០១៦ បានរយៈពេល ជាងមួយខែរួចមក។

បើមើលពីរូបរាង ខាងក្រៅរបស់ Prius C ស៊េរី២០១៦នេះឃើញថា មិនមានភាពខុសប្លែក អ្វីខ្លាំងនោះទេ បើប្រៀបទៅនឹងរថយន្ត Prius C ឆ្នាំ២០១៥នោះ តែក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តនេះគឺ មានការរចនារូបរាងខាងក្នុង ស្រស់ស្អាតជាងមុន។

 

ក្រុមហ៊ុនបានឲ្យ ដឹងផងដែរថា Prius C ស៊េរីថ្មីនេះគឺ សន្សំសំចៃប្រេង បានច្រើនជាងមុន ពោលគឺការបើកបរ ក្នុងទីក្រុងចម្ងាយ១០០គីឡូម៉ែត្រ ស៊ីប្រេងអស់ត្រឹមតែ ៤,៤៣លីត្រប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះគេក៏បានបំពាក់នូវបច្ចេកវិទ្យា សុវត្ថិភាពថ្មីៗ របស់ក្រុមហ៊ុន Toyota ដើម្បីការពារ សុវត្ថិភាពអ្នកដំណើរ គឺ Toyota Safety Sense System ដែលមានដូចជា Pre-Collision System, Lane Departure Assist, និង Automatic High Beams ជាដើម។ ចំពោះម៉ាស៊ីនរបស់រថយន្តនេះ គឺមានទំហំ១,៥លីត្រ ដែលមានកម្លាំង ៧៣សេះ ព្រមទាំងមាន Driving Mode ចំនួនបីគឺ ធម្មតា, ECO និង EV។

ស្របពេលគ្នានោះដែរ Toyota ក៏បានបង្ហាញ ពីរថយន្ត Prius C ២០១៦ ស៊េរីមានកំណត់ មានឈ្មោះថា Persona Series Special Edition ដោយផលិតតែ ១៥០០គ្រឿងប៉ុណ្ណោះ។ ចំណុចពិសេសរបស់ Persona Series នេះគឺរូបរាងខាងក្រៅ របស់វារចនាដោយ ប្រើប្រាស់តែពណ៌ខ្មៅ លាយជាមួយជម្រើស ពណ៌ពីរផ្សេងទៀត។ ជម្រើសពណ៌ដែលមាន ឲ្យជ្រើសរើសនោះគឺ ពណ៌ខ្មៅលាយពណ៌ស៊ីជម្ពូ និង ពណ៌ខ្មៅលាយពណ៌បៃតងខ្ចី។

ក្រុមហ៊ុន Toyota បានលើកឡើងថា Prius C ស៊េរី ២០១៦ គឺជារថយន្តដែលមានតម្លៃ សមរម្យជាងគេក្នុង ចំណោមរថយន្ត Hybrid របស់ក្រុមហ៊ុន តែមិនបានបញ្ជាក់ពី តម្លៃនិងកាលបរិច្ឆេទចេញលក់នៅឡើយទេ៕

 

ដកស្រង់ពី៖ Sabay