Social Network

ទិត្យ វិច្ឆិកា ចេញ​អាល់ប៊ុម “ព្យាយាម” រក​លុយ​ជួយ​អ្នក​ក្រ

អាល់ប៊ុម “ព្យាយាម” របស់តារាចម្រៀង ទិត្យ វិច្ឆិកា កំពុងត្រៀមដាក់ លក់លើទីផ្សារ នៅដើមខែក្រោយនេះ ក្នុងគោលបំណង ស្វែងរកថវិកា ដើម្បីជួយអ្នកក្រីក្រ នៅតាមបណ្ដាខេត្តនានា ដែលមានការខ្វះខាត និង ត្រូវការជំនួយសង្គ្រោះ។

សិល្បករ ឆន្ទៈសង្គមរូបនេះ បញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា បទចម្រៀងរបស់លោក នឹងត្រូវចរាចរណ៍ នៅប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី និង សហរដ្ឋអាមេរិកផងដែរ សម្រាប់ពលរដ្ឋខ្មែរ រស់នៅប្រទេស ទាំងនោះចូលរួមទិញបាន។ អាល់ប៊ុម”ព្យាយាម” បានចំណាយពេល ផលិតជាងកន្លះ ឆ្នាំមកហើយ ដោយត្រូវសន្សំលុយ បន្តិចម្ដងៗពីការ ច្រៀងតាមរោងការ ទម្រាំសម្រេចបានជា លទ្ធផលដូចបច្ចុប្បន្ន។ ទិត្យ វិច្ឆិកា អះអាងថា៖ ” ដូចដឹងស្រាប់ហើយបង ខ្ញុំហូបពងទារាល់ថ្ងៃទម្រាំ សន្សំបានលុយ បន្តិចបន្តួច ធ្វើបទចម្រៀងទាំងនេះឡើង ដើម្បីជួយបងប្អូន ក្រីក្រតាមជនបទ”។

តារាចម្រៀងរូបនេះ មិនទាន់ហ៊ាន សន្និដ្ឋានថា នឹងមានការគាំទ្រ កម្រិតណានោះទេ ចំពោះអាល់ប៊ុមថ្មី ព្រោះគ្រប់យ៉ាង អាស្រ័យលើការគាំទ្រ របស់មហាជនទាំងក្នុង និង ក្រៅប្រទេសប៉ុណ្ណោះ។ តារាចម្រៀងរូបនេះ ក៏មានដាក់លក់អាវយឺត នៅតាមបណ្ដា ប្រទេសខាងលើផងដែរ ក្នុងយុទ្ធនាការស្វែងរក ថវិកាជីកអណ្ដូងទឹក និង ជួយជនក្រីក្រ តាមមូលដ្ឋាន ហើយប្រកាសឈ្មោះ សប្បុរសជនទាំងអស់នោះ ដើម្បីធានានូវ តម្លាភាព និង សេចក្ដីទុកចិត្តពី សប្បុរសជន ទាំងអស់ព្រមទាំង បន្តជួយ។

ការចូលរួម គាំទ្រទិញ CD និង អាវយឺត ស្មើនឹងជួយជនក្រីក្រ កំពុងត្រូវការជំនួយ ហើយក៏ជាការលើក ស្ទួយស្នាដៃសិល្បៈ វប្បធម៌ខ្មែរ។ ទិត្យ វិច្ឆិកា ទើបទទួលងារ ជាអ្នកសិល្បៈឆន្ទៈសង្គម ពីក្រសួងព័ត៌មាន ក្រោយអតីតតារាចម្រៀង ប្រចាំផលិតកម្ម Rock រូបនេះ បានធ្វើសកម្មភាព ជួយសង្គមជាច្រើនក្នុងរយៈពេល១ឆ្នាំ ចុងក្រោយនេះរួមមានជីកស្រះទឹក អណ្ដូង និង ជួយជនក្រីក្រ ជាមួយចំនួនទៀត ដែលត្រូវការជំនួយ។

ថ្មីៗនេះរូបគេ បានជួយដល់ចាស់ៗ ជរានៅខាងខេត្តតាកែវ និង កូនភ្លោះមានជំងឺសើស្បែក ចម្លែកនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយកំពុងស្វែងរក ថវិកាជួយសង់ផ្ទះ សម្រាប់គ្រួសារទីទ័ល មួយនេះទៀតផង៕

ដកស្រង់ពី៖ Sabay