Social Network

អ៊ាម វន្នី និយាយ​អ្វី​ខ្លះ​ទៅ​កាន់​អ្នក​គាំទ្រ?

អ៊ាម វន្នី បានអះអាងថា រូបគេពិតជា មានការសោកស្ដាយ និងអាណិតអាសូរ ចំពោះអ្នកគាំទ្រ ទាំងអស់ចំពោះភាព ខកបំណងក្រោយ បរាជ័យក្នុងកម្មវិធី Cambodian Idol។

“ដឹងជាមុនហើយ ការប្រលងមាន ជាប់មានធ្លាក់ធម្មតា តែខ្ញុំពិបាកចិត្ត អាណិតអ្នកគាំទ្រណាស់ ព្រោះពួកគាត់ ខូចចិត្ត ហ៊ឺ!…ប៉ុន្តែខ្ញុំបានប្រឹងប្រែង អស់លទ្ធភាពហើយ”។ អ៊ាម វន្នី ប្រាប់មកកាន់ Sabay។ អ្នកចម្រៀងរូបនេះអះអាងបន្តថា លោកមិនបានគិត ច្រើនពីភាព បរាជ័យនោះទេ ព្រោះចាត់ទុកជារឿង ធម្មតាក្នុងការ ប្រកួតប្រជែងសមត្ថភាព ទោះបីជានៅក្នុង កម្មវិធីផ្សេងៗ ទៀតក៏ដោយ។ អ៊ាម វន្នី មិនអាចហាម ប្រាមមហាជនមិនឱ្យពិបាកចិត្ត ឬខកបំណងនោះទេ ព្រោះជាសិទ្ធរបស់ បុគ្គលគ្រប់រូប។

ប៉ុន្តែរូបគេពិតជា រំភើបពេលបានឃើញ សន្ទុះនៃការគាំទ្រដូច្នេះ ដោយមានសាររាប់ពាន់ ផ្ញើមកលើកទឹកចិត្ត ក្រោយការប្រកាសលទ្ធផល ដែលត្រូវធ្លាក់ចេញពី កម្មវិធីប្រលងចម្រៀង លំដាប់អន្តរជាតិខាងលើ។ អតីតបេក្ខភាពរូបនេះ ចាត់ទុកទង្វើ របស់អ្នកគាំទ្រថា ជាផ្នែកមួយធ្វើឱ្យ ផ្លូវចិត្តកាន់តែ ប្រសើរឡើង។ ទោះបីជាយ៉ាងណា អ្នកខេត្តបាត់ដំបង រូបនេះអះអាងថា ចាប់ផ្ដើមមានគេហៅ ទៅច្រៀងបណ្ដើរៗហើយ ក្នុងនោះក៏មានស្ថានីយទូរទស្សន៍ ក្នុងស្រុកផងដែរ។

អ៊ាម វន្នី បង្ហាញជំហរជាថ្មីថា នឹងឈានជើងកាន់តែ ជ្រៅក្នុងវិស័យនេះ ដោយបង្កើតការផលិត បទចម្រៀងថ្មីបន្ថែមទៀត ហើយមិនត្រឡប់ទៅធ្វើការងារ ជាអ្នកបកប្រែភាសា ឱ្យជនជាតិថៃទៀតទេ៕

ដកស្រង់ពី៖ Sabay