Social Network

បទ​សម្ភាសន៍​ពិសេស​ ជាមួយ​ម្ចាស់​ពាន Cambodian Idol

យុវជនមកពី ខេត្តកំពង់ធំ នី រតនា បានក្លាយជាម្ចាស់ ជយលាភីកម្មវិធី Cambodian Idol រដូវកាលទី១ ត្រឹមយប់មិញ ដោយទទួលបាន ប្រាក់រង្វាន់ជាច្រើន រួមទាំងក្លាយជាតារាចម្រៀង កុងត្រាជាមួយ ផលិតកម្មហង្សមាសទៀត។

បន្ទាប់ពីជ័យជំនះ ម្ចាស់ជយលាភីរូបនេះ បានជួបសម្ភាសន៍ ខ្លីជាមួយក្រុមការងារ Sabay តាមរយៈទូរស័ព្ទមុននេះបន្តិច។ ដូច្នេះ សូមតាមដាន ទាំងអស់គ្នា៖ Sabay៖ គ្រប់គ្នាដឹងហើយថា យប់មិញនេះ រតនា បានក្លាយជា ជយលាភីកម្មវិធី Cambodian Idol រដូវកាលទី១។ អនុញ្ញាតអោយ ទស្សនិកជនដឹងបន្តិច ពីអារម្មណ៍គ្រានោះ? នី រតនា៖ បាទបង…បើនិយាយពីអារម្មណ៍ គឺរំភើបរក លេខដាក់គ្មានទេ មិនដឹងបរិយាយ យ៉ាងណាឲ្យសមនឹងអារម្មណ៍ បែបហ្នឹងទេបង ព្រោះវាជាក្តីស្រមៃ យូរហើយថាខ្ញុំនឹង បានក្លាយជាតារាចម្រៀង អាជីពមួយហើយ មានទស្សនិកជន ស្គាល់ច្រើន ឥឡូវបំណងខ្ញុំ បានសម្រេចហើយ។

Sabay៖ ដំបូងឡើយ មុននឹងចូល ប្រឡងក្នុងកម្មវិធី លំដាប់ពិភពលោកមួយនេះ តើរតនា មានការពិបាក និងទទួលបានការ លើកទឹកចិត្តពី នរណាគេដែរ?

រតនា៖ ពិតជាពិបាកណាស់បង ព្រោះកាលពីដំបូងឡើយ ចិត្តស្រលាញ់ចង់ចូល សិល្បៈក្លាយជា តារាចម្រៀងនៅក្នុង ផលិតកម្មគឺ ប៉ងយូរហើយ ប៉ុន្តែមិនដឹង ធ្វើយ៉ាងណា ដើម្បីបានចូល នៅមានចិត្ត ស្ទាក់ស្ទើរច្រើនណាស់បង ប៉ុន្តែដោយសារ ឪពុកម្ដាយប្អូន និងមិត្តភក្តិដែល គេស្គាល់ពីសមត្ថភាព ប្អូនគេប្រាប់ឲ្យ ប្អូនទៅដាក់ពាក្យ ប្រលងនឹងគេទៅ។ ប៉ុន្តែបងអើយ…អារម្មណ៍ពេលនោះ គឺមានការខ្លាច រអារដែរព្រោះ មានមិត្តមួយចំនួនគេថា ខ្ញុំទៅប្រលងធ្វើអី ព្រោះជាអ្នក មកពីស្រែចម្ការចឹងគ្មាន ខ្សែគ្មានអីចឹង មិនជាប់ទេ ប៉ុន្តែខ្ញុំគិតថានេះ ជាកម្មវិធីពិភពលោក គេមានច្បាប់វិន័យត្រឹមត្រូវអីចឹងខ្ញុំ នៅតែលួចមាន សង្ឃឹមក្នុងចិត្តខ្លះៗដែរបង។

Sabay៖ មានទស្សនិកជន មួយចំនួនគិតថា ការជាប់របស់រតនា ដោយសារតែមានខ្សែ តើប្អូនគិតយ៉ាងណាដែរ?

រតនា៖ ធម្មតាទេបង ទន្ទឹមនឹងការពេញចិត្ត ពីប្រិយមិត្ត ក៏មានអ្នកខ្លះមិន ពេញចិត្តចំពោះលទ្ធផល ជយលាភីនេះដែរបង មានមតិមួយចំនួន លើកឡើងថា ខ្ញុំជាប់ដោយសារ មានខ្សែប៉ុន្តែដូចខ្ញុំ បានបកស្រាយ ខាងលើហើយថា ក្នុងនាមជាកូន អ្នកក្រមកពីស្រែចម្ការ គឺខ្ញុំមិនមានស្គាល់ អ្នកណាម្នាក់នៅ ក្នុងកម្មវិធីទេ។ ដូច្នេះខ្ញុំ សូមអះអាងថា កម្មវិធីនេះសុក្រិត យុត្តិធម៌ណាស់ សូមបងប្អូន កុំយល់ច្រឡំ ហើយនេះក៏មិនមែន ដោយសារតែខ្ញុំជាប់ហើយនិយាយ បែបហ្នឹងទេបង ។

Sabay៖ តាមតែប្រាក់ រង្វាន់ពីកម្មវិធី និងរង្វាន់ពីម្ចាស់ ឧបត្ថម្ភផ្សេងទៀត គឺច្រើនម៉ឺនដុល្លារដែរ តើ រតនា មានគម្រោងថានឹង យកទៅធ្វើអ្វីដែរ?

រតនា៖ បាទបង ថវិកាដែលទទួលបាន ប្អូនយកទៅជួយក្រុម គ្រួសារមួយចំណែកធំ និងចូលរួមជួយ សង្គមមួយផងដែរ។ ឥឡូវ ក្រុមគ្រួសារប្អូនកំពុងតែ ជួបការលំបាក បងប្អូនច្រើន ណាស់បង ហើយខ្ញុំជា កូនបងគេ ក្នុងចំណោមបងប្អូន ៥នាក់ស្រី២។ លោកឪពុកខ្ញុំ គាត់ជាឈ្មោះ អ៊ុន សំអូន ជាជាងគំនូរ ហើយអ្នកម្ដាយឈ្មោះ បាន ឡៃស៊ីម ជាមេផ្ទះ។ហើយកាលពីល្ងាចមិញ ទាំងខ្ញុំនិង ប៉ាម៉ាក់ រំភើបសឹងតែស្រក់ទឹកភ្នែកហើយបង។

ជាប់នាមជាតារា សំឡេងផ្អែមដូច ស្ករខែកត្តិកតាមរយៈ ប្រិយមិត្តដាក់ឲ្យ នី រតនា សូមអរគុណទៅដល់ ទស្សនិកជនដែលតែងតែ គាំទ្ររូបលោក តាមរយៈការចំណាយ ថវិកាផ្ទាល់ខ្លួន ដើម្បីបោះឆ្នោត ជូនដល់លោក ព្រោះថា បើមិនមានទស្សនិកជន គាំទ្រលោកទេ លោកមិនអាចទទួលបាន ជោគជ័យឈានមកដល់ ការកាន់ពានបែបនេះទេ៕

 

ដកស្រង់ពី៖ Sabay