Social Network

កញ្ញា​ធី ណា​តា ទៅ​ជប៉ុន​បាន​សង្សារ​នៅ​ជប៉ុន ទៅ​អូស្ត្រាលី​បាន​សង្សារ​នៅ​អូស្ត្រាលី

រាជធានីភ្នំពេញ ៖ កញ្ញាធី ណាតា កាលពីប៉ុន្មានខែមុន បានប្រកាស ឱ្យដឹងពី ចំណងស្នេហា របស់នាង ជាមួយបុរសខ្មែរ រស់នៅប្រទេសជប៉ុន ប៉ុន្តែពេលនេះ ស្រាប់តែបង្ហាញ ពីចំណងស្នេហ៍ជាមួយ បុរសអូស្ត្រាលី ទៅវិញ ។

កញ្ញាធី ណាតា ដែលជា ប្អូនស្រីជីដូនមួយ របស់អ្នកនាងឆៃលី ដាឡែន ពិតជាផ្លាស់ប្តូរ គូស្នេហ៍ពីម្នាក់ ទៅម្នាក់លឿន រហ័សមែន ។ ប៉ុន្មានខែមុន ធី ណាតា ធ្លាប់ប្រកាសថា នាងបិទបេះដូងហើយ ព្រោះមាន គូស្នេហ៍ រស់នៅប្រទេសជប៉ុន ប៉ុន្តែពេលនេះ ស្រាប់តែវាបាន ដល់ផ្លូវបំបែក ។ ធី ណាតា បញ្ជាក់ពីការ បែកបាក់នោះថា «ខ្ញុំបញ្ចប់ ចំណងស្នេហ៍ ជាមួយបុរស នៅប្រទេសជប៉ុន នោះហើយ ដោយសារតែពួកយើង អស់និស្ស័យ ជាមួយគ្នា មិនអាចតភ្ជាប់ ការទាក់ទង ជាមួយគាត់ បានទៅមុខទៀតទេ ។

ខ្ញុំមិនចង់ លើកហេតុផល អ្វីវែងឆ្ងាយឡើយ ព្រោះយើង បានបែកគ្នា ខានទាក់ទងគ្នា យូរខែតាំងពី មុនពេលនាងខ្ញុំ មានកម្មវិធីឡើង ទៅច្រៀងសម្តែង នៅប្រទេស អូស្ត្រាលី ម្ល៉េះ។ យើងបានបែកគ្នា ហើយមិនគួរ ជជីករកខុសត្រូវ ទាញយកចំណុច មិនល្អមកវិភាគទេ ។ បើអស់ចិត្តមានតែបែកគ្នា» ។ ធី ណាតា បានចំណាយ ពេលជាងមួយខែ ទៅសម្តែងនៅ ប្រទេសអូស្ត្រាលីជាមួយ លោកអ៊ែនឌី និងតារាចម្រៀង ខ្មែរសុរិន្ទ អ្នកនាងជេន សាយចៃ ។ នៅលើទឹកដី ល្បីសត្វកង់ហ្គូរូនោះ កញ្ញាធី ណាតា បានជួបស្នេហា ថ្មីជាមួយបុរស អូស្ត្រាលី ។

កញ្ញាធី ណាតា ទទួលយក បុរសនោះ ជាគូស្នេហ៍ថ្មី ដោយសារនាង មើលទៅគេមាន និស្ស័យចូលចិត្ត ស្រឡាញ់ និងឲ្យតម្លៃ  នាង ។ បុរស អូស្ត្រាលី នោះមានអាយុ៣៨ឆ្នាំ ជាអ្នករកស៊ី ។ អ្នកទាំង២បានស្គាល់គ្នា ពេលទៅញាំុអាហារ ជាមួយមិត្តភក្តិ ។ «ស្នេហ៍ថ្មីនេះ ពិតជាមានការ វិវឌ្ឍលឿន ដោយសារតែ ខាងបុរសជាសង្សារ គាត់ថែមទាំងសុំ នាងខ្ញុំរៀបការ ទៀតផង បើអាចទៅរួច កាន់តែឆាប់កាន់តែល្អ ប៉ុន្តែនាងខ្ញុំមិនទាន់ គិតទេសុំពន្យារ ពេលកន្លះឆ្នាំទៀតសិន ព្រោះចង់ឲ្យ បានយល់ចិត្ត គ្នាបន្តទៀត និងចង់ឲ្យចាស់ទុំ បានស្គាល់ពិចារណា ទាំងអស់គ្នាដែរ ចៀសវាង សម្រេចចិត្តតែម្នាក់ឯង ។ 

ម្យ៉ាងទៀតគឺចង់សម្រួលការងារឲ្យបានល្អ ដើរទៅមុខរឹងមាំបន្ថែមទៀតផងដែរ ។បើសិនជារៀបការរួច ខាងគូស្នេហ៍សន្យា នឹងធានារូបនាងខ្ញុំចាកចេញទៅនៅប្រទេសអូស្ត្រាលីតែម្តង ដើម្បីនៅមើលថែទាំគ្នា ។

យ៉ាងណាក្តី នាងខ្ញុំសុំទុកពេលវេលា ឲ្យក្លាយជាអ្នក បញ្ជាក់ការណ៍ពិត ដោយរំពឹងថា ស្នេហាថ្មីនេះ នឹងមិនជូរចត់ ដូចគ្រាដំបូងនោះទេ ដ្បិតតាមការ សង្កេតរបស់នាងខ្ញុំ គឺគាត់ពិតជាបុរសល្អមួយសម្រាប់ ឲ្យនាងខ្ញុំមាន ទំនុកចិត្ត គ្រាន់តែថាចាំ មើលទៅមុខទៀតសិន» ។ កញ្ញាធី ណាតា និយាយ បែបនេះ ។ 
កាលពីកញ្ញាធី ណាតា ទៅសម្តែង នៅប្រទេសជប៉ុន បានភ្ជាប់ចំណង ស្នេហ៍ជាមួយ បុរសខ្មែរនៅទីនោះ ។ មិនខុសពីបុរស អូស្ត្រាលីទេ កញ្ញាធី ណាតា សរសើរពីបុរសខ្មែរ នៅប្រទេសជប៉ុនលើចំណុចល្អជាច្រើន ហើយមាន គម្រោងរៀបការដែរ តែទីបំផុត បានបែរខ្នងដាក់គ្នា ។ 


ចំពោះចំណង ស្នេហ៍របស់ កញ្ញាធី ណាតា ជាមួយបុរស អូស្ត្រាលីនោះ មានតែពេល វេលាទេទើប អាចបញ្ជាក់ បានថាគង់វង្ស ឬអត់ ៕


ដកស្រង់ពី ៖ កោះសន្តិភាព