រាជធានីភ្នំពេញ ៖ ថ្វីដ្បិតតែព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មិនប្រារព្ធឡើង នៅក្នុងឆ្នាំនេះក្តី ប៉ុន្តែកម្មវិធីប្រគុំ តន្ត្រីនានានឹង រៀបចំឡើង ។ ការប្រគំតន្ត្រីទាំងនោះនឹង ជាការកម្សាន្តមួយ ផ្នែកសម្រាប់មហាជន ដែលប្រាថ្នាចង់ដើរ លេងកម្សាន្តក្នុង ឱកាសបុណ្យអុំទូក ព្រមទាំងកម្ចាត់ ភាពស្ងប់ស្ងាត់ ខណៈគ្មានភាពអឹុកអធឹក នៃព្រះរាជពិធីបុណ្យអុំទូកនោះ ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ពីគម្រោងប្រគំតន្ត្រីនោះ ដោយថ្លែងថា «អាជ្ញាធរត្រូវរៀបចំការ ប្រគុំតន្ត្រីឱ្យច្រើននៅភ្នំពេញ ក្នុងថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ វិច្ឆិកា ២០១៥ ។ អ្នកចម្រៀងល្បីរបស់កម្ពុជាទាំងអស់ត្រូវយកមកច្រៀងកម្សាន្តក្នុងឱកាសនោះផងដែរ ដោយខ្ញុំជាអ្នកប៉ាវខាងសិល្បៈ» ។
នៅសួនច្បារ មុខវត្តបទុមវតី នាព្រឹកថ្ងៃទី៥ វិច្ឆិកា ២០១៥ ក្នុងពិធីបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការគម្រោងការពារ ទឹកជំនន់និង កែលម្អប្រព័ន្ធប្រឡាយ លូក្នុងរាជធានីភ្នំពេញជំហានទី៣ សម្តេចតេជោហ៊ុន សែន បានថ្លែងបែបនោះ ហើយថា ការផ្អាកព្រះរាជពិធី បុណ្យអុំទូកនៅឆ្នាំ២០១៥នេះ មិនមែនមកពី ហេតុផលនយោបាយទេ ។ វាមកពីទឹកទន្លេ នៅមុខព្រះបរមរាជវាំង មានកម្រិតទាប ក្រោម៥ម៉ែត្រ មិនមែនខ្លាចបាតុកម្ម ដូចជាគេលើកឡើងនោះទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីចំអកថា បើសិនជាអ្នកវិភាគ ឬអ្នកនយោបាយ រាប់ទាំងតំណាងរាស្ត្រមួយចំនួន របស់គណបក្សប្រឆាំងអះអាងថា ទោះជាទឹកទន្លេមានកម្រិតទាប ក៏អាចប្រណាំងទូកបានដែរនោះ សូមឱ្យអ្នកទាំងនោះទៅអុំ ដោយសម្តេចជាអ្នករៀបចំ និងចេញលុយ ។
ការពារការសម្រេចផ្អាក រៀបចំព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន លើកឧទាហរណ៍ មួយចំនួនថា ដូចជានៅ ខេត្តកំពង់ធំ ដោយសារតែទឹក មានកម្រិតទាប មិនអាចនាំទូកង មកភ្នំពេញបានទេ ។ មិនតែប៉ុណ្ណោះកីឡាករ អុំទូកក៏មិនមានដែរ ព្រោះជាប់រវល់ធ្វើស្រែ ។
ការផ្គត់ផ្គង់ទូក ងមួយគ្រឿងសម្រាប់ ចូលរួមប្រណាំង នៅរាជធានីភ្នំពេញ ក្នុងកម្រិតប្រមាណ ១ម៉ឺនដុល្លារ ហើយការចំណាយ លើការរៀបចំ ព្រះរាជពិធី អុំទូកទាំងមូល ក៏មិនតិចដែរ ដូច្នេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបង្វែរ ប្រាក់ទាំងនោះ សម្រាប់ទិញប្រេងបូមទឹក សង្គ្រោះស្រូវរបស់កសិករ ដែលជួបគ្រោះរាំងស្ងួតវិញ ។
ថ្ងៃទី២៤,២៥ និងទី២៦ វិច្ឆិកា មិនមានព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប៉ុន្តែនៅភ្នំពេញ មានកម្មវិធីប្រគុំតន្ត្រី ដូច្នេះមហាជន អាចចូលរួមទស្សនាកម្សាន្តបាន ៕
ដកស្រង់ពី៖ កោះសន្ដិភាព