Social Network

ហេតុអ្វីបានជាតារា K-Pop នារីៗជំនាន់ថ្មី សុទ្ធតែកម្ពស់ត្នោតលៃ?

សព្វថ្ងៃនេះក្រុម K-Pop នារីៗ សុទ្ធតែមានកម្ពស់ខ្ពស់ៗ ហើយប្រសិនអ្នកជាអ្នកគាំទ្រ K-Pop ជំនាន់ទី ៤ អ្នកប្រាកដជាកត់សម្គាល់ឃើញហើយថា តារាទាំងនោះមានកម្ពស់មិនធម្មតាឡើយ បើធៀបទៅនឹងរៀមច្បងជំនាន់មុនៗ។

ជាឧទាហរណ៍ជាក់ស្ដែងដូចសមាជិកក្រុម IVE មានកម្ពស់ជាមធ្យម ១៧០សង់ទីម៉ែត្រ ឯណោះ ដោយអ្នកដែលខ្ពស់ជាងគេគឺ Wonyoung និង Yujin (កម្ពស់ ១៧៣សង់ទីម៉ែត្រ)។ ចូលដល់សមាជិកខ្ពស់ជាងគេរបស់ក្រុមចម្រៀង **NMIXX** វិញ គឺ **Bae** ដែលមកជាមួយនឹងកម្ពស់ **១៧១** សង់ទីម៉ែត្រ ស្របពេល **Hyein (NewJeans)** មានកម្ពស់ **១៧០ សង់ទីម៉ែត្រ**។

ប្រសិនអ្នកធ្វើការប្រៀបធៀបកម្ពស់របស់ពួកគេជាមួយនឹងក្រុមនារី K-Pop ជំនាន់ទី ៣ អ្នកប្រាកដជាមានការភ្ញាក់ផ្អើល។ ជាការបញ្ជាក់ច្បាស់ៗ ដូចជា Joy (Red Velvet) ជាសមាជិកខ្ពស់ជាងគេប្រចាំក្រុម មានកម្ពស់ ១៦៧ សង់ទីម៉ែត្រ ប៉ុន្តែកម្ពស់គិតជាមធ្យមរបស់ក្រុមគឺ ១៦០ សង់ទីម៉ែត្រ។ ចំណែក TWICE វិញ មានកម្ពស់គិតជាមធ្យម ១៦៣ សង់ទីម៉ែត្រ ស្របពេល MAMAMOO វិញគឺ ១៦១ សង់ទីម៉ែត្រ។ Joy (Red Velve) ទាក់ទងនឹងប្រធានបទនេះ បានកើតជាចម្ងល់សម្រាប់អ្នកគាំទ្រ ថាតើអ្វីទៅជាមូលហេតុនៅពីក្រោយ? ជាការពិត វាពិតជាអាស្រ័យទៅលើរបបហូបចុក និងរបត់នៃការរស់នៅសម័យថ្មីរបស់ក្មេងជំនាន់ក្រោយ ជាហេតុធ្វើឲ្យការលូតលាស់ កាន់តែមានភាពប្រសើរ។

ក៏គ្មានអ្វីត្រូវឆ្ងល់ដែរ ស្តង់ដារសម្រស់ គឺជាគន្លឹះដ៏សំខាន់។ ដ្បិតជំនាន់កន្លងទៅ នារីៗដែលមានកម្ពស់មធ្យមត្រូវបានគេចាប់អារម្មណ៍ ប៉ុន្តែការវិវត្តនៃស្ដង់ដារសម្រស់ពិតជាប្រែប្រួល ព្រោះបច្ចុប្បន្ន នារីខ្ពស់ៗត្រូវបានគេមើលឃើញថា រំលេចសម្រស់ និងមន្តស្នេហ៍ឥតខ្ចោះជាង។ អតីតអ្នកចាត់ការផ្នែក ជ្រើសតារា បានទម្លាយថា ក្រុមហ៊ុនជាច្រើនពិតជាសម្លឹងខ្ពស់ ទៅលើកម្ពស់ ពេលពួកគេជ្រើសអ្នកហ្វឹកហាត់ (Trainee) ជំនាន់ថ្មីៗ។

ទាំងអស់នេះត្រូវបានគេពិចារណាវាសមហេតុផលថាហេតុអ្វីបានជា តារាស្រីជំនាន់ថ្មី នេះសុទ្ធតែមានកម្ពស់ខ្ពស់ជាង រៀមច្បងរបស់ពួកគេ។ ទោះជាយ៉ាងណា ហេតុផលនេះ ក៏មិនមែនបានន័យថា ការផ្លាស់ប្តូរនេះត្រូវបង្អាក់ភាពល្បីល្បាញរបស់តារាដែលមានកម្ពស់ទាបដូចជា Yeseo (Kep1er) ដែលមានកម្ពស់ ១៥៧ សង់ទីម៉ែត្រ ឬ Ningning (aespa) ដែលមានកម្ពស់ ១៦១ សង់ទីម៉ែត្រ ដែរ ព្រោះអ្វីដែលពួកគេមានសុទ្ធតែជាមន្តស្នេហ៍ប្រចាំខ្លួនដែលគ្មានអ្នកណាមានដូច៕

ដកស្រង់ពី៖ Sabay