Social Network

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

ហុងដាឌ្រីម ស៊េរី០១៦ ដែលទើបតែបាន បង្ហាញខ្លួននិងបាន ដាក់លក់ជាហូហែរ កាលពីសប្ដាហ៍ មុនតាមបណ្ដាហាងលក់ ម៉ូតូនានានៅទីក្រុងភ្នំពេញ បានទាញចំណាប់ អារម្មណ៍អតិថិជន ទាំងនៅទីក្រុង ភ្នំពេញនិងនៅតាមបណ្ដា ខេត្តយ៉ាងច្រើន ដោយសារការផ្លាស់ប្តូរ រូបរាងនិងតែម 3D ប្លែកពីស៊េរីមុន។

លោក ទួត សីហា ម្ចាស់ហាងលក់ម៉ូតូ ទួត សីហា នៅម្តុំគិរីរម្យបានឱ្យ ដឹងនៅព្រឹកនេះថា សន្ទុះនៃការចាប់អារម្មណ៍ របស់អតិថិជន មានសន្ទុះខ្លាំង បើធៀបនឹងឆ្នាំមុន។ លោកថា ការចាប់អារម្មណ៍បែបនេះ ដោយសារ ឌ្រីម ០១៦ បានផ្លាស់ប្តូរ រូបរាងច្រើន ដូចជាចង្កៀងផ្នែក ខាងមុខនិងខាងក្រោយ ស្លាក NCX និងតែម 3D ផុសចេញសង ខាងម៉ូតូជាដើម។

ម្ចាស់ហាងរូបនេះ បន្តថាអតិថិជនភាគ ច្រើនដែលមកទិញ HondaDream 016 នៅថ្ងៃដំបូងដែល ហាងលក់ដាក់លក់ ភាគច្រើនអ្នករស់នៅទីក្រុង ភ្នំពេញនិងនៅថ្ងៃបន្ត បន្ទាប់ក៏មានពលរដ្ឋ កាន់តែច្រើនតាមបណ្ដា ខេត្តដែលមកស្វែងរកទិញម៉ូតូហុងដាឌ្រីមស៊េរីថ្មីនេះ។

លោកថា ពណ៌ដែលលក់ដាច់ ជាងគេគឺ ពណ៌ខ្មៅនិងទឹកប៊ិចនេះឯង។

ចំណែកឯលោក ហេង លីម្ចាស់ហាងម៉ូតូ ហេង លីបានឱ្យដឹងថា ចំពោះអតិថិជនដែលមកទិញ ឌ្រីម ០១៦ ផ្ទាល់នៅហាង លោកមុនពិធីបុណ្យអ៊ុំទូក មានសន្ទុះគ្រាន់បើ។ លោកថា ឌ្រីម ០១៦ ដែលអតិថិជនមកទិញ  នៅហាងលោកច្រើន ជាងគេគឺពណ៌ ខ្មៅនិងមួយពណ៌ទៀត គឺទឹកប៊ិចដោយពណ៌ នេះស៊ីគ្នាជាមួយ នឹងតែមពណ៌ ខៀវ។

 

ដោយឡែក អ្នកលក់មួយរូបនៅ Show Room ក្រុមហ៊ុនហុងដាម្តុំស្តុបមេភ្លើង បាននិយាយថាព្រឹកនេះ មានអតិថិជនច្រើនមកទិញ ឌ្រីម០១៦ តែដោយសារអស់ពីស្តុក ទើបអតិថិជន ខ្លះត្រូវរង់ចាំរហូតដល់ ថ្ងៃត្រង់ឬរសៀល ទើបបានមានក្នុងស្តុក។

 “លក់ដាច់បង ដូចបងឃើញ ស្រាប់អ៊ីចឹង។ អតិថិជនខ្លះ ត្រូវរង់ចាំដល់ រសៀលបន្តិច ទើបមានក្នុងស្តុក ដោយសារពេលព្រឹក មានអតិថិជន ច្រើនមកទិញ”។ ហុងដា ឌ្រីម ០១៦ មានការផ្លាស់ប្តូរមួយចំនួនដូចជា ចង្កៀងមុខក្រោយប្រភេទថ្មី LED Alpha ដែលបញ្ចេញពន្លឺ ចែងចាំងដូច គ្រាប់ពេជ្រ តែមរចនាបែប 3D ផុសលេច ឡើងត្រដែត ឡូហ្គោ NCX រចនាថ្មី និងកុងតាក់បញ្ឆេះក៏ប្តូរ ពណ៌ថ្មីយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញ អ្នកប្រើប្រាស់មួយ ចំនួនមិនពេញចិត្ត ទៅរូបរាងរបស់ ហុងដាឌ្រីម ដែលនៅតែរក្សារូបរាង មិនមានការផ្លាស់ប្តូរ ជាច្រើនជំនាន់ បើទោះបីមានការ រចនាថ្មីគ្រឿង តុបតែងខាងក្រៅ មួយចំនួនក៏ដោយ។

 តាមហាងលក់ម៉ូតូ ហុងដាឌ្រីមស៊េរី០១៦ តម្លៃប្រហែល ២០០០ ដុល្លារ៕

ដកស្រង់ពី៖ Sabay