Social Network

ដល់ពេលចាប់ផ្ដើមទំព័រជីវិតថ្មីហើយ! Lisa ចេញពី YG និងបើកក្រុមហ៊ុនថ្មីខ្លួនឯង

Lisa សមាជិកក្រុម BLACKPINK បានប្រកាសពីជំហានបន្ទាប់របស់នាង ក្រោយពីសម្រេចចិត្តចាកចេញពីផលិតកម្ម YG។

ទោះបីជា Lisa បានស្ងប់ស្ងាត់ពីគម្រោងអនាគតរបស់នាងជាមួយនឹងផលិតកម្ម YG ក៏ពេលនេះគ្រប់យ៉ាងមានពន្លឺបន្តិចៗហើយ ដោយ Lisa ត្រូវបានកក់ទុកជាមួយនឹងការបង្ហាញមុខផ្សេងៗ វត្តមានលើគ្របទស្សនាវដ្ដី និងការសហការជាមួយម៉ាកល្បីៗ។ កាលពីថ្ងៃទី ០៧ ខែកុម្ភៈ Lisa បានបញ្ចេញសេចក្តីប្រកាសថ្មីមួយនៅលើបណ្ដាញសង្គមរបស់នាង។

អ្នកគាំទ្របានជជែកគ្នាទាក់ទងនឹងបទចម្រៀងថ្មី អាល់ប៊ុម និងសូម្បីតែការតុបតែងមុខនាង ក៏ប្លែកពីមុនដែរ។ ជាក់ស្ដែង នៅថ្ងៃទី ០៨ ខែកុម្ភៈ ទីបំផុត Lisa បានធ្វើការប្រកាសជាផ្លូវការហើយ។ នៅលើ Instagram នាងបានបង្ហោះរូបថតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាងជាមួយនឹងCaption LLOUD និងភ្ជាប់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គម។បន្ទាប់ពីការបង្ហោះវីដេអូខ្លីៗនៅលើ Instagram ថ្មី @wearelloud នាងបានបង្ហាញព័ត៌មានមួយចំនួនអំពីគម្រោងនេះ ដោយបានប្រកាសថាវាជាក្រុមហ៊ុន ដែលបង្ហាញពីចក្ខុវិស័យរបស់នាងនៅក្នុងពិភព "តន្ត្រី និងសិល្បៈ"។

អ្វីដែល Lisa បានគ្រោងទុកសម្រាប់ក្រុមហ៊ុនថ្មីនេះ ក៏ជាការបង្ហាញថា LLOUD គឺជាក្រុមហ៊ុនគ្រប់គ្រងសិល្បករ ប៉ុន្តែនាពេលបច្ចុប្បន្នេះ Lisa ទើបក្លាយជាសិល្បករតែមួយគត់នៅក្នុងបញ្ជី។ ទាំង Lisa និង Jennie បានបង្កើតក្រុមហ៊ុន/ស្លាកយីហោផ្ទាល់ខ្លួន វានឹងគួរឱ្យរំភើបក្នុងការសម្លឹងឃើញនូវអនាគតរបស់តារាទាំងពីរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ អ្នកគាំទ្រពិតជារំភើបចិត្តក្នុងការទទួលបានចម្លើយបន្ថែមទៀត ហើយ Lisa ប្រាកដជានឹងបញ្ចេញឥទ្ធិពលច្បាស់ក្នុងនាមជា "Girl Boss" និង នាមជា CEO៕

ដកស្រង់ពី៖Sabay