Social Network

Ford នឹង​ដកមុខងារ​ចូលចតអូតូ​អក្សរ P ចេញពីរថយន្តរបស់ខ្លួន

ក្រុមហ៊ុន Ford គ្រោងនឹងដកមុខងារខ្លះចេញពីរថយន្តរបស់ខ្លួន ដើម្បីជួយបន្ទាបតម្លៃរថយន្ត និងជួយសន្សំសំចៃការចំណាយរបស់ក្រុមហ៊ុន ក្នុងនោះរួមមានទាំងមុខងារចូលចតអូតូរាងអក្សរ P ទៀតផង។

បើតាមការបញ្ជាក់របស់លោក Kumar Galhotra ប្រធានមន្រ្តីប្រតិបត្តិការរបស់ Ford បានឱ្យដឹងថា មានអតិថិជនតិចតួចប៉ុណ្ណោះ ដែលបានប្រើមុខងារចូលចតអូតូនូវចំណតអក្សរ P ដែលមុខងារនេះក្រុមហ៊ុនត្រូវចំណាយប្រហែល ៦០ដុល្លារ ក្នុងការដំឡើងលើរថយន្តមួយគ្រឿង។ ដូច្នេះ បើដកមុខងារនេះចេញ Ford នឹងសន្សំបាន ១០លានដុល្លារក្នុង១ឆ្នាំ។

លោកបន្តថា Ford កំពុងប្រើប្រាស់ទិន្នន័យរថយន្តដែលបានភ្ជាប់ក្នុងការវិភាគនូវមុខងារណាខ្លះដែលម្ចាស់រថយន្តប្រើប្រាស់ និងមិនប្រើ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្ត ថាតើនឹងដកវាចេញ ឬធ្វើឱ្យកាន់តែប្រសើរឡើងនូវមុខងារទាំងនោះ។

គួរដឹងថា មុខងារចូលចតអក្សរ P នេះ គឺជាផ្នែកមួយនៃកញ្ចប់បច្ចេកវិទ្យាជំនួយអ្នកបើកបរ Active Park Assist របស់ Ford ខណៈក្រុមហ៊ុនអាមេរិកនេះ គឺជាអ្នកនាំមុខម្នាក់ដែលបំពាក់ប្រភេទបច្ចេកវិទ្យានេះ ក្នុងគោលបំណងជួយកាត់បន្ថយការពិបាកសម្រាប់អ្នកបើកបរក្នុងការចូលចតនៅតំបន់ទីប្រជុំជន និងទាក់ទាញអតិថិជន។ យ៉ាងណាមិញ មុខងារចូលចតនេះបែរជាត្រូវគេមិនសូវប្រើទៅវិញ ដោយហេតុនេះអ្នកបើកបរចង់ចូលចតដោយការបើកផ្ទាល់របស់ពួកគេ មិនប្រើបច្ចេកវិទ្យាទេ៕

ដកស្រង់ពី៖Sabay