Social Network

ហេតុអ្វី​ប្រទេស​ខ្លះ​ប្រើរថយន្តចង្កូតឆ្វេង ឯខ្លះទៀតប្រើចង្កូតស្តាំ?

តើលោកអ្នកធ្លាប់មានចម្ងល់ទេថា ហេតុអ្វីប្រទេសខ្លះប្រកាន់ឆ្វេង ចំណែកប្រទេសខ្លះប្រកាន់ស្តាំ? តួយ៉ាងដូចជាប្រទេសថៃ ជាប្រទេសប្រកាន់ឆ្វេង ឬប្រើរថយន្តចង្កូតស្តាំ ចំណែកកម្ពុជា ប្រកាន់ស្តាំ ឬប្រើរថយន្តចង្កូតឆ្វេង។

តាមស្ថិតិដែលប្រមូលបានពីប្រទេសចំនួន២៤១ បានរកឃើញថា ១ភាគ៣ ឬស្មើនឹង ៦៨ប្រទេស ដែលប្រកាន់ឆ្វេង ក្នុងនោះរួមមានទាំងជប៉ុន អង់គ្លេស ឥណ្ឌា និងថៃ ខណៈប្រទេសប្រកាន់ស្តាំ មានដល់ ១៧៣ប្រទេស ក្នុងនោះមានប្រទេសធំៗដូចជា អាមេរិក បារាំង និងចិនជាដើម។

ការពិតទៅ កាលពីសម័យបុរាណ មនុស្សភាគច្រើនបំផុតប្រកាន់ឆ្វេង ពោលគឺធ្វើដំណើរទៅមុខនៅខាងឆ្វេងដៃ ខណៈពេលនោះពួកគេជិះសេះ និងរទេះ ជាពិសេសក្នុងពេលមានសង្គ្រាម ដោយពួកគេងាយស្រួលប្រើដៃស្តាំដកដាវចេញពីស្រោមប្រយុទ្ធជាមួយសត្រូវ។ ទើបតែមកដល់ចុងស.វទី១៧ បដិវត្តន៍បារាំង ស្តេច Napoleon Bonaparte ជាមនុស្សដំបូងគេម្នាក់នៅប្រទេសបារាំង បានផ្តួចផ្តើមគំនិតប្តូរមកធ្វើដំណើរនៅខាងស្តាំដៃវិញ ហើយចាប់ពីពេលនោះមក ឥទ្ធិពលនេះបានសាយភាយដល់បណ្តាដែនដីដែលស្ថិតក្រោមអាណានិគមរបស់បារាំង ដោយរួមមានទាំងកម្ពុជា វៀតណាម និងឡាវផងដែរ។

យ៉ាងណាមិញ សម្រាប់អង់គ្លេស និងដែនដីដែលអង់គ្លេសកាន់កាប់ គឺនៅតែបន្តប្រកាន់ឆ្វេងដដែល។ ទោះជាយ៉ាងនេះក្តី ប្រទេសខ្លះក៏បានកែសម្រួលការដឹកជញ្ជូន ឱ្យត្រូវគ្នាជាមួយនឹងប្រទេសជិតខាង មានន័យថា បើប្រទេសជិតខាងសុទ្ធតែប្រកាន់ស្តាំ ដូច្នេះប្រទេសខ្លួនក៏ត្រូវកែមកប្រកាន់ស្តាំដែរ។ ឧទាហរណ៍ ប្រទេសកាណាដា បានផ្លាស់ប្តូរមកប្រកាន់ស្តាំនៅទសវត្សរ៍ឆ្នាំ១៩២០ ដើម្បីភ្ជាប់ការធ្វើដំណើរជាមួយសហរដ្ឋអាមេរិក ឱ្យកាន់តែងាយស្រួល។

ចុះមូលហេតុអ្វីបានជាប្រទេសថៃប្រកាន់ឆ្វេង ទាំងមិនជាប់ក្រោមអាណានិគមអង់គ្លេសផងនោះ? មែនទែនទៅ ចាប់ពីពាក់កណ្តាលស.វទី១៨មក ប្រទេសថៃបានរងឥទ្ធិពលយ៉ាងខ្លាំងពីអង់គ្លេស។ បន្ថែមលើសនេះ រាជវង្សអង់គ្លេស បានបង្ហាញយានយន្តដំបូងរបស់អង់គ្លេស ទៅកាន់ស្តេចថៃ ជាហេតុធ្វើឱ្យថៃ សម្រេចជ្រើសរើសប្រើយានយន្តចង្កូតស្តាំចាប់តាំងពីពេលនោះមក៕

ដកស្រង់ពី៖Sabay