Social Network

វ័យ១២ឆ្នាំ សយ ពង្សាវលី មានមហិច្ឆតាចង់ក្លាយជា fashion designer ដើម្បីបង្ហាញវប្បធម៌ខ្មែរទៅពិភពលោក

សយ ពង្សាវលី ជាតារាម៉ូដែលវ័យក្មេងក្នុងក្រុមតារាម៉ូដែលរបស់អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk លោក អូលីវ៉ា គង់។

គិតមកទល់ពេលនេះ វលី ទើបហាត់រៀនដើរម៉ូដបាន ៦ខែជាងប៉ុណ្ណោះ តែដោយសារមានដុងទេពកោសល្យ កុមារីរូបនេះចាប់យកគ្រឹះនៃការដើរបានយ៉ាងឆាប់រហ័ស សូម្បីលោកគ្រូកសរសើរពីសមត្ថភាព និងភាពឆ្លាតវ័យរបស់កុមារីរូបនេះផងដែរ។ ដោយមើលឃើញពីសមត្ថភាព និងភាពក្លាហានរបស់កុមារីរូបនេះ លោក អូលីវ៉ា បានផ្តល់ឱកាសឱ្យនាងបានចូលរួមដើរបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ២លើកមកហើយ រួមមាន៖ មហាព្រឹត្តិការណ៍សិល្បៈ«រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ២០២៣ លើកទី៤ និងកម្មវិធីដើរបង្ហាញម៉ូតលំដាប់អន្តរជាតិ ASIA FASHION RUNWAY COLLECTION នៅប្រទេសម៉ាឡេស៊ី កាលពីចុងឆ្នាំ២០២៣។

កុមារីវ័យ ១២ ឆ្នាំ សយ ពង្សាវលី បានឱ្យដឹងថា នាងសប្បាយចិត្ត និងរំភើបដែលមានឱកាសដើរបង្ហាញម៉ូដក្នុងព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូងនៅប្រទេសម៉ាឡេស៊ី ហើយរឹតតែរំភើបខ្លាំងគឺបានចូលរួមដើរបង្ហាញម៉ូដជាមួយម៉ូដែលរៀមច្បងក្នុងព្រឹត្តិការណ៍រាត្រីចងចាំ ដែលជាព្រឹត្តិការណ៍ជាតិដ៏ធំ។ ប្រសិនបើមានឱកាសនាងនឹងចូលរួមដើរបង្ហាញម៉ូដបន្តបន្ទាប់ទៀត មិនថាព្រឹត្តិការណ៍ជាតិ ឬអន្តរជាតិ ឱ្យតែពេលវេលាសមស្រប។ ម៉ូដែលវ័យក្មេងពោរពេញដោយទេពកោសល្យរូបនេះបន្តថា មែនទែនទៅនាងគ្មានបំណងចាប់យកការដើរម៉ូដយូរនោះទេ ទោះបីនាងមានសមត្ថភាពខ្ពស់លើការដើរម៉ូដក៏ដោយ ព្រោះក្តីស្រមៃធំក្នុងជីវិតនាង គឺចង់ក្លាយជា fasion designer ល្បីឈ្មោះម្នាក់ដែលអាចពាំនាំសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញឱ្យពិភពលោកឃើញពីគំនិតច្នៃប្រឌិតខ្ពស់របស់កូនខ្មែរ។ ម៉ូដែលខ្លួនតូចមហិច្ឆតាធំនេះថា ការគូសវាស តុបតែង បង្កើតភាពទាក់ទាញលើរូបរាងកាយជាចំណង់ចំណូលចិត្តរបស់នាង។

មកទល់ពេលនេះ នាងច្នៃសម្លៀកបំពាក់សម្រាប់ខ្លួនឯងបានខ្លះៗហើយ ដោយបានយករូបដែលនាងគូសលើ Ipad ទៅឱ្យជាងគេកាត់ ដើម្បីយកមកប្រើប្រាស់ ដោយសារពេលនេះនាងនៅពុំទាន់ចេញដេរនៅឡើយទេ។ ដើម្បីឱ្យក្តីស្រមៃនេះក្លាយជាការពិត កុមារីគួរឱ្យស្រលាញ់ សយ ពង្សាវលី កំពុងខិតខំប្រឹងរៀនសូត្រទាំងយប់ទាំងថ្ងៃ។

សូមជម្រាបថា ម៉ូដែលវ័យក្មេងមានភាពប៉ិនប្រសព្វ សយ ពង្សាវលី មានអាយុ១២ឆ្នាំ អាចនិយាយបាន ៣ ភាសា គឺ ភាសាខ្មែរ , អង់គ្លេស ស្ទាត់ជំនាញ និង ភាសាចិន បានតិចតួច។ សព្វថ្ងៃនាងរៀនភាសាខ្មែរ និងអង់គ្លេសថ្នាក់ទី៦ នៅសាលាប្រពន្ធ Denmark និងកំពុងចិនថ្នាក់ទី៤។ ដោយមានចិត្តស្រលាញ់លើការច្នៃម៉ូដ វលី បានចូលរួមជំនាញ digital vitual លើប្រព័ន្ធអេឡិចត្រូនិករៀងរាល់ចុងសប្តាហ៍ផងដែរ៕

ដកស្រង់ពី៖Sabay