Social Network

ភរិយានាយ ចយ សរសើរប្ដីពេញៗ មាត់ ថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ

គិតមកទល់ពេលនេះ ចំណងស្នេហ៍រវាង នាយ ចយ និង ភរិយាអ្នកនាង ក្វាន់ឌី បានរៀបការជាមួយគ្នាមានរយៈពេល ៦ ឆ្នាំ ហើយ ដោយក្នុងនោះអ្នកទាំងពីរទទួលបានចំណងដៃកូនដំបូងម្នាក់ជាទីស្រលាញ់។

ថ្វីត្បិតកន្លងមកស្នេហាពួកគេរក្សាបានភាពផ្អែមល្ហែមក៏ពិតមែន តែជារឿយៗ គេឧស្សាហ៍ឃើញភរិយានាយ ចយ បង្ហោះខ្លឹមសារដាស់តឿន ដើម្បីកុំឲ្យប្ដីមានស្រីថ្មីជាបន្តបន្ទាប់។ ស្ថិតត្រង់ចំណុចនេះ ទើបកន្លងមកគេមានចម្ងល់ថា តើ នាយ ចយ មានមន្តស្នេហ៍អ្វី ឬមូលហេតុពិសេសអ្វី បានជាភរិយាស្រឡាញ់នាយដល់ថ្នាក់នេះ។

តួយ៉ាងខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ ភរិយានាយ ចយ បានលើកឡើងថា «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ របស់ពួកយើង Benly Joy អរគុណបងដែលរួមដំណើរជីវិតជាមួយអូន បំពេញតួនាទីជាដៃគូជីវិតដ៏ស្មោះត្រង់សម្រាប់អូន បងជាមនុស្សម្នាក់ដែលស្អាតទាំងរូបកាយ ចិត្ត និងបេះដូងពិតមែន បងផ្ដល់តម្លៃឲ្យអូនគ្រប់កាលៈទេសៈ ជាពិសេសពេលអូនខឹង ឆេវឆាវម្ដងៗ ក៏បងមិនដែលតតាំងចង់ឈ្នះ ឬប្រកែកតឹងសរសៃកឡើយ…..»។

ភរិយានាយ ចយ បានបន្តថា «មានច្រើនទៀតដែលរៀបរាប់ពីទង្វើល្អបងមិនអស់ ចង់ប្រាប់បងថា បងជាចំណែកដែលអូនខ្វះមិនបាននោះទេក្នុងជីវិតនេះ»។ សូមបញ្ជាក់ថា លោក សែ ភិន ហៅនាយ ចយ និង ភរិយា អ្នកនាង ប៉ិច ក្វាន់ឌី បានរៀបអាពាហ៍ពិពាហ៍ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៨ នៅវិមានពិភពថ្មី សែនសុខ។ ពិធីរៀបមង្គលការនេះ ត្រូវបានរៀបចំយ៉ាងអធិកអធមអមដោយតារាកំប្លែងល្បីៗ ជាច្រើននាក់ទៀតផង៕

ដកស្រង់ពី៖កម្ពុជាថ្មី