Social Network

ផ្លូវការហើយ! លំដាប់រងទី១ លឹម ចាន់សេរីរ័ត្ន ត្រូវឡើងជំនួសតំណែង ព្រះកាយច័ន្ទ ដើម្បីចូលរួមការប្រកួតថ្នាក់ជាតិ

ទីបំផុត ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Phnom Penh បានប្រកាសអ្នកជំនួសតំណែង កញ្ញា ព្រះកាយច័ន្ទ ហើយ គឺជាបវរកញ្ញារូបស្រស់ លឹម ចាន់សេរីរ័ត្ន ដែលជាម្ចាស់ជយលាភីលំដាប់រងទី១ នៃកម្មវិធី Miss Grand Phnom Penh និងត្រៀមតំណាងឱ្យ Miss Grand Phnom Penh ដើម្បីចូលរួមប្រកួត Miss Grand Cambodia 2024 នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

បវរកញ្ញា-បុរសឯកល្បីៗ រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនកុះករបានសម្តែងការត្រេកអរចំពោះបវរកញ្ញាជើងខ្លាំងរូបនេះ ថែមទាំងលើកឡើងថា នាងពិតជាស័ក្កសមជាអ្នកជំនួសតំណែងរបស់ ព្រះកាយច័ន្ទ ពិតមែន។ ក្រោយបានឃើញសេចក្តីប្រកាស សេរីរ័ត្ន ក៏បានចែករំលែកដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «អគុណបណ្តាអ្នកគាំទ្ររនាងខ្ញុំទាំងអស់គ្នា នាងខ្ញុំនឹងប្រឹងប្រែងដុះខាត់សមត្ថភាពរបស់នាងខ្ញុំបន្ថែមដេីម្បីទៅកាន់េវទិការធំរបស់ Miss Grand Cambodia»។

សូមជម្រាបថា កញ្ញា លឹម ចាន់សេរីរ័ត្ន ជាបេក្ខភាពជើងខ្លាំងម្នាក់ក្នុងចំណោមបេក្ខភាពផ្លូវការ នៃការប្រកួតថ្នាក់ខេត្ត Miss Grand Phnom Penh ដែលពេលនោះនាងជាបេក្ខភាពតំណាងខណ្ឌពោធសែនជ័យ។ សមត្ថភាព ភាពក្លាហានអង់អាច និងការក្លាហានក្នុងការបញ្ចេញមតិជាសាធារណៈរបស់នាងខ្លាំងមិនចាញ់ ព្រះកាយច័ន្ទ ប៉ុន្មានឡើយ។ គួបផ្សំសមត្ថភាពភាសា និងការរៀបចំខ្លូនយ៉ាងល្អផងនោះ គេជឿជាក់ថា នាងពិតជាអាចធ្វើបានល្អក្នុងការប្រកួតថ្នាក់ជាតិនាពេលឆាប់ៗ ដើម្បីដណ្តើមមកុដឆ្ពោះទៅការប្រកួតអន្តរជាតិ៕

ដកស្រង់ពី៖Sabay