Social Network

ឡាន MPV អគ្គិសនី BYD ថ្មីចេញលក់នៅប្រទេសអាស៊ានមួយនេះ តម្លៃតែ ២៣ ០០០ដុល្លារ

ក្រុមហ៊ុន BYD បានបញ្ចេញរថយន្ត MPV អគ្គិសនី BYD M6 ជាផ្លូវការនៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានតម្លៃចាប់ពី ២៣០០០ដុល្លារឡើងទៅ។

នេះគឺជារថយន្ត MPV ដំបូងរបស់ BYD នៅទីផ្សារឥណ្ឌូណេស៊ី ហើយក៏ជារថយន្ត MPV ដែលប្រើអគ្គិសនីសុទ្ធ នៅក្នុងប្រទេសអាស៊ានមួយនេះផងដែរ។ រថយន្តវ៉ែននេះ បំពាក់អាគុយ Blade Batteries ទំហំ ៥៥,៤គីឡូវ៉ាត់ម៉ោង និង ៧១,៨គីឡូវ៉ាត់ ដែលពេលសាកពេញអាចបើកបរបានចម្ងាយ ៤២០គីឡូម៉ែត្រ និង ៥៣០គីឡូម៉ែត្រ។ ជាមួយគ្នានេះ ការសាកថ្មពី ១០% ដល់ ៨០% ប្រើពេល ៤០នាទី។ វាបំពាក់ម៉ូទ័រអគ្គិសនី១ មានកម្លាំង ១៦៣សេះ និងកម្លាំងរមួល ៣១០ញូតុនម៉ែត្រ។ យ៉ាងណាមិញ រថយន្តនេះក៏មាន option ខ្ពស់ដែលបំពាក់ម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ២០៤សេះផងដែរ។

BYD M6 មានជម្រើសកៅអី៦ និងកៅអី៧, ពោងសុវត្ថិភាព ៦គ្រាប់, ដំបូល Panoramic Sunroof, សាកថ្មឥតខ្សែ និងមានអេក្រង់ថាច់ស្គ្រីន ទំហំ ១២,៨អ៊ីញ។ ក្រៅពីនេះ ប្រព័ន្ធសុវត្ថិភាពរួមមាន ហ្វ្រាំងបន្ទាន់អូតូ, ប្រព័ន្ធគ្រប់គ្រងល្បឿន (adaptive cruise control), ប្រព័ន្ធរក្សាការបើកក្នុងគន្លង និងមុខងារ blind spot ជាដើម។ BYD បានចូលទីផ្សារឥណ្ឌូណេស៊ី កាលពីខែមករា ជាមួយនឹងរថយន្តម៉ាក Seal, Dolphin និង Atto 3 ហើយគ្រោងវិនិយោគ ១,៣ពាន់លានដុល្លារ សង់រោងចក្ររថយន្តដែលអាចផលិតបាន ១៥ម៉ឺនគ្រឿង។ ក្នុងនោះ BYD គ្រោងនឹងផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នាឆ្នាំ២០២៦៕

ដកស្រង់ពី៖Sabay