Social Network

ចាប់ពីពេលនេះទៅ រថយន្ត​ក្នុងពិភពលោក លែងមានម៉ាស៊ីន១២ (W12) ទៀតហើយ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វាថ្ងៃដ៏សោកសៅបំផុតក្នុងឧស្សាហកម្មរថយន្ត ដែលលែងមានម៉ាស៊ីន W12 ទៀតហើយ ដោយក្រុមហ៊ុន Bentley បានប្រកាសបញ្ឈប់ការផលិតម៉ាស៊ីនដ៏ធំនេះតែម្តង ហើយទម្លាក់ទំហំម៉ាស៊ីនមកកាន់តែតូចវិញ។

Bentley បានរៀបចំពិធីមួយនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសអង់គ្លេស ដើម្បីអបអររថយន្ត៣ម៉ូឌែលដែលបំពាក់ម៉ាស៊ីន W12 ចុងក្រោយគេបំផុត គឺម៉ូឌែល Continental GT, Flying Spur និង Bentayga។ អាយុកាលរបស់ម៉ាស៊ីន W12នេះ គឺ ២១ឆ្នាំហើយ ក្រោយពេល Bentley បង្ហាញចេញជាលើកដំបូងក្នុងឆ្នាំ ២០០៣ បំពាក់លើរថយន្ត Continental GT ដែលផលិតបានកម្លាំង ៥៥២សេះ និងកម្លាំងរមួល ៦៥០ញូតុនម៉ែត្រ។

មានរថយន្តប្រណីតជាច្រើនដែលត្រូវបានបំពាក់ម៉ាស៊ីន W12 នេះ ពោលគឺគិតមកដល់ពេលនេះ មានប្រហែលជាង ១០ម៉ឺនគ្រឿង។ នៅក្នុងឆ្នាំ២០១៥ Bentley បានរចនាម៉ាស៊ីន W12 ឱ្យកាន់តែល្អប្រសើរ ដោយស៊ីសាំងតិចជាងមុន តែមានកម្លាំងរមួលកាន់តែខ្លាំង និងកាត់បន្ថយការបញ្ចេញផ្សែង។ សេចក្តីប្រកាសរបស់ Bentley បានរៀបរាប់ថា ម៉ាស៊ីន W12 បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្រ្តរបស់ Bentley។ វាបានជួយផ្លាស់ប្តូរមុខមាត់របស់ក្រុមហ៊ុន ដែលគួរតែមានមោទនភាពចំពោះការរចនា អភិវឌ្ឍ និងផលិតម៉ាស៊ីនដ៏អស្ចារ្យនេះ ក្នុងប្រទេសអង់គ្លេស អស់រយៈពេលជាយូរមកហើយ៕

 

 

 

ដកស្រង់ពី៖Sabay