នាឡិកាវៃឆ្លាតសម្រាប់នារីៗ ដែលល្បីល្បាញនៅបរទេស មានច្រើនម៉ាក និងម៉ូឌែល ចំនែកនៅក្នុងទីផ្សារ
ស្រុក ខ្មែររបស់យើងផ្ទាល់ ភាគច្រើនមានពីរម៉ាកដែលល្បីល្បាញបំផុតសម្រាប់មិត្តៗនារី រួមមានដូចជា Apple Watch និងម៉ាក Michael Kors។ សម្រាប់ម៉ាក Michael Kors កាលពីម្សិលមិញនេះទើបតែប្រកាសចេញនាឡិកាវៃឆ្លាតជំនាន់ថ្មីមួយទៀត ដែលផលិតឡើងយ៉ាងពិសេសសម្រាប់នារីៗ មានរូបរាងរចនាបថទាក់ទាញជាងមុន ពិសេសមានមុខងារសុខភាព ជាការទាមទារជាច្រើនពីសំណាក់អ្នកប្រើប្រាស់។
ជួបជាមួយ Access Sofie 2.0 នាឡិកាដៃវៃឆ្លាតក្បាលមូលទំហំ 41mm ដែលការពារដោយកញ្ចក់ និងមានតួខ្លួនលោហៈ ក៏ដូចជាជម្រើស Stainless steel អមមកជាមួយខ្សែលោហៈមាន 4 ពណ៌សម្រាប់ជ្រើសរើសដូចជា ទឹកប្រាក់ ទឹកមាស ផ្កាឈូកទឹកមាស និងទឹកប្រាក់លាយជាមួយផ្កាឈូកទឹកមាស ដែលមានខ្សែពិសេសជាងគេភ្ជាប់មកជាមួយត្បូងភ្លឺព្រិចៗដូចរូបខាងក្រោម។ វាក៏បំពាក់មកជាមួយប៊ូតុង 3 នៅផ្នែកខាងស្ដាំ សម្រាប់កំណត់ទៅលើមុខងារ ជាជាងដាក់តែមួយដែលមាននៅលើស៊េរីចាស់។ លក្ខណៈពិសេសមួយសម្រាប់នាឡិកាជំនាន់ថ្មីនេះក៏ផ្ដោតសំខាន់ទៅលើមុខងារតាមដានសុខភាពផងដែរ ដោយទីបំផុតវាមានសេនស័រវាស់ចង្វាក់បេះដូង និង GPS ដែលនឹងផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនសម្រាប់អ្នកចូលចិត្តហាត់កីឡាច្រើន ដូចជារត់ ដើរ ហែលទឹក និងជាច្រើនផ្សេងៗទៀត ដែលដំណើរការបានល្អជាមួយនឹងមុខងារ Google Fit។
Access Sofie 2.0 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS ជំនាន់ចុងក្រោយគេ និងមានកម្លាំងថ្មទំហំ 300mAh ដែលអាចរស់បានមួយថ្ងៃ ទៅដល់ 2 ថ្ងៃពេញ ក៏ប៉ុន្តែចំនុចខ្សោយរបស់វាគឺស្ថិតនៅលើឈីប ដែលជាបន្ទះខួរក្បាលជំនាន់ចាស់ ដោយ Michael Kors នៅតែបន្តប្រើប្រាស់ឈីប Snapdragon Wear 2100 ដដែល មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 4GB ខណៈពេលដែលនាឡិកាវៃឆ្លាតជំនាន់ថ្មីៗភាគច្រើន និងត្រៀមចេញនាឆ្នាំនេះ ចាបផ្ដើមប្រើឈីប Snapdragon Wear 3100 អស់ហើយ។ ដូច្នេះសម្រាប់ការរំពឹងទុកម៉ូឌែលថ្មី ដែលមានល្បឿនលឿនជាងមុនគឺរាងសោកស្ដាយបន្តិចហើយ តែបើអ្នកមិនខ្វល់អំពីល្បឿន តែផ្ដោតទៅលើភាពឡូយឆាយ ទាក់ទាញ អាចប្រើជាគ្រឿងអលង្ការ ក៏ដូចជាតាមដានសុខភាព មិត្តនារីៗអាចពិចារណាជាមួយនាឡិកាដៃបង្កើតឡើងពិសេសសម្រាប់នារីនេះបាន។
សម្រាប់ថ្ងៃចេញលក់នៅមិនទាន់ច្បាស់ការនៅឡើយទេ គ្រាន់តែក្រុមហ៊ុនប្រាប់ឲ្យដឹងថា Access Sofie 2.0 នឹងចេញលក់នៅក្នុងរដូវក្ដៅឆ្នាំនេះនៅអាមេរិកមុនគេ ហើយនឹងចេញលក់ជាបន្តបន្ទាប់ទៀតក្នុងទីផ្សារអន្តរជាតិផ្សេងៗទៀត ដោយតម្លៃអាចនៅចន្លោះ USD 350!
ដកស្រង់ចេញពីhttp://cambo-report.com/article/15091