Social Network

ឯកឧត្តម ហាក់ សុខមករា ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ ការលក់ដូរ និងប្រព័ន្ធបង្ហូរទឹក នៅផ្សារសួង

ត្បូងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយអភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួម ពីអភិបាលក្រុងសួង អនុប្រធានមន្ទីរ រៀបចំដែនដីខេត្ដ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញចុះពិនិត្យ មើលសណ្ដាប់ធ្នាប់ បេនរថយន្ដ ការលក់ដូរ ប្រព័ន្ធលូបង្ហូរទឹក និងចុះសួរសុខទុក្ខ បងប្អូនអាជីវករ ដែលលក់ដូរនៅផ្សារសួង ។

នៅក្នុងឱកាស ចុះពិនិត្យមើលសណ្ដាប់ធ្នាប់ នៅផ្សារសួងខាងលើនេះ អភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា បានណែនាំឱ្យ ប្រធានផ្សារ និងមន្ដ្រី ពាក់ព័ន្ធរបស់ក្រុង ត្រូវរួមគ្នា និងរៀបចំសណ្ដាប់ធ្នាប់ ជាប្រចាំ ចំពោះការលក់ដូរ នៅក្នុងផ្សារ ជាពិសេស ត្រូវថែរក្សា អនាម័យឱ្យបានល្អ ដើម្បីសុខភាព របស់ប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ ។

សម្រាប់បេនរថយន្ដ នៅផ្សារសួង ត្រូវបានអភិបាលរងខេត្ដ ស្នើឱ្យម្ចាស់បេនរថយន្ដ រៀបចំចតរថយន្ដ ទាំងរថយន្ដរត់ឈ្នួល និងរថយន្ដអតិថិជន ឱ្យមានរបៀបរៀបរយ ជៀសវាងការកកស្ទះ ដោយប្រការណាមួយ។

ដោយឡែក ប្រព័ន្ធលូបង្ហូរទឹក ដែលមានតួនាទី នាំទឹកចេញ ពីទីប្រជុំជនសួង ឯកឧត្តម ហាក់ សុខមករា បានឱ្យអាជ្ញាធរត្រូវ មានការត្រួតពិនិត្យ ជាប្រចាំ ជាពិសេសកាយ សំរាម និងកាកសំណល់ផ្សេងៗ អាចជាការ រាំងស្ទះ ចំពោះការបង្ហូរទឹក ។

ឯកឧត្តម ហាក់ សុខមករា ក៏បានជំរុញឱ្យ អាជីវករទាំងអស់ ដែលលក់និងរកស៊ីនៅ ក្នុងផ្សារ ត្រូវមានស្មារតីទទួលខុសត្រូវ និង រួមសហការ ជាមួយភាគីផ្សារ ដើម្បីសណ្ដាប់ ធ្នាប់ សុខភាព និងការរកស៊ីជាទូទៅ ឱ្យបានល្អប្រសើរ ។