Social Network

សិក្ខាសាលាផ្សព្វផ្សាយ ​លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង ការគ្រប់គ្រង ធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ត្បូងឃ្មុំ៖ កាលពីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានបើកសិក្ខាសាលា ផ្សព្វផ្សាយ លិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធ នឹងការគ្រប់គ្រង ធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក រួមទាំងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា ៖ សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ អនុវត្តនូវលិខិតបទដ្ឋានគតិយុត្តមួយ ចំនួន ដែលពាក់ព័ន្ធទៅ នឹងការគ្រប់គ្រងធនធានមនុស្ស និងការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមមាន ៖

១. អនុក្រឹត្យស្ដីពីការធ្វើ ប្រតិភូកម្មអំណាច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតែងតាំង ការផ្លាស់ប្ដូរ និងការបញ្ចប់ភារកិច្ច មន្ត្រី រាជការ ស៊ីវិល ដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ

២. សេចក្ដីណែនាំស្ដីពី និតិវិធីនៃការតែងតាំង និងការផ្លាស់ប្ដូរ និងការបញ្ចប់ ភារកិច្ច មន្ត្រីរាជការស៊ីវិលដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ

៣. សេចក្ដីណែនាំ ស្ដីពីការរៀបចំ ល័ក្ខខ័ណ្ឌ កាងារសម្រាប់មន្រ្តី បុគ្គលិករដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

៤. អនុក្រឹត្យស្ដីពី ការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ

៥. ប្រកាសអន្តរ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ស្ដីពី ការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ដល់ ប្រាក់រង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ

៦. សេចក្ដីណែនាំស្ដីពី ការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្ត ជូនដល់ រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ឯកឧត្តម បានផ្ដាំផ្ញើដល់ សិក្ខាកាម និងមន្រ្ដីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រជំនាញនេះ ឲ្យបានល្អ ដើម្បីយក ទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ជាបន្ទាន់នូវ លិខិតបទដ្ឋាន គតិយុត្តគតិនេះ ជូនដល់អ្នកពាក់ព័ន្ធនានា នៅតាម មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ និងត្រូវអនុវត្តលិខិត បទដ្ឋាននេះផងដែរ ៕

ដោយ៖ ទូច សុវី